សៀមរាប៖ កម្លាំងរដ្ឋបាល ព្រៃឈើ ស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កាលពីវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នេះ បានឃាត់រថយន្ត បែនពាក់ស្លាកលេខ នគរបាល មួយគ្រឿង ដែលបន្លំដឹកឈើ ប្រភេទគរគី ជាង១០ម៉ែត្រគូប ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦៧ ក្នុងភូមិថ្នាលទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ។
លោក ថោង សុខៃ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រែណូយ បានថ្លែងឲ្យដឹងតាម ទូរស័ព្ទថា ក្រោយពីមាន សេចក្តីរាយការណ៍ថា មានរថយន្ត របស់ នគរបាល ម៉ាកបែន ពាក់ស្លាកលេខ នគរបាល 3-0175 បន្លំដឹកឈើខុសច្បាប់ ឆ្លងកាត់ ភូមិសាស្រ្ត ឃុំស្រែណូយ លោកបានដឹកនាំ កម្លាំងទាំងយប់ ចុះទៅឃាត់ រថយន្តបានភ្លាមៗ រួមទាំងរឹប អូសឈើប្រភេទ គរគីជាង១០ម៉ែត្រគូប ។
លោក ថោង សុខៃ បានបន្តថា អ្នកបើករថយន្ត បានប្រាប់ លោកថា ឈើទាំងនេះ ត្រូវដឹកទៅទីរួមខេត្តសៀមរាប ហើយនៅពេលចាប់ឃាត់ រថយន្តនោះ ស្រាប់តែមានមន្រ្តី នគរបាលជាន់ខ្ពស់មួយរូប ចង់ជួបលោក តាមទូរស័ព្ទ ក្នុងគោលបំណងចង់ អន្តរាគមន៍ ប៉ុន្តែលោកមិនទទួលជួប ។
បើតាមលោក ថោង សុខៃ បច្ចុប្បន្ន រថយន្តដឹកឈើ ខាងលើនេះ ត្រូវបានរក្សាទុក ជាបណ្តោះអាសន្ន នៅទីស្នាក់ការ បណ្តុះកូនឈើ ទួលគ្រួស នៃផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ ដើម្បីចាត់ការតាមនីតិវិធី៕