ម៉ានីល៖ ធនាគារពិភពលោក (World Bank) បានសម្រេចយល់ព្រម ក្នុងការផ្តល់ប្រាក់កម្ចី ចំនួន៥០០លានដុល្លារអាម៉េរិកដើម្បីជួយ ដល់ប្រទេស ហ្វីលីពីនក្នុងការទប់ទល់ នឹងគ្រោះធម្មជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន លោក Cesar Purisima បានលើកឡើងថា ស្ថានភាពហិរញ្ញវត្ថុរបស់ហ្វីលីពីន ត្រូវរងផលប៉ះពាល់ជាខ្លាំងដោយសារគ្រោះធម្មជាតិ ដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបថា កន្លងមក មានមនុស្សជាង១០០០នាក់ស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារគ្រោះធម្មជាតិ នៅក្នុងប្រទេស ហ្វីលីពីន ដែលក្នុងនោះ ព្យុះទីហ្វុងដែលបានបង្កឲ្យមានចំនួនអ្នកស្លាប់ និងផលខូចខាតច្រើនជាងគេ។ ជាមួយគ្នានេះដែរ ប្រទេសដីកោះមួយនេះ ក៏រងការគំរាមកំហែងពីសំណាក់គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងខ្ពស់ផងដែរ៕