ដាម៉ាស៖មេដឹកនាំកំពូល នៃក្រុមបះបោរ ដ៏មានឥទ្ធិពល នៅតំបន់ភាគខាងកើត នៃរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី ត្រូវស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ វាយប្រហារ តាមដែនអាកាស ពីសំណាក់បរទេស ដែលមានគោលដៅ វាយប្រហារ ទៅលើទីបញ្ជាការ របស់ ក្រុមបះបោរ ទាំងនោះ នេះបើយោងតាម ប្រភពពីក្រុមបះបោរ និង យោធា ស៊ីរី ដកស្រង់ដោយសារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។
ប្រភពដដែលបានឲ្យដឹងថា ការស្លាប់របស់លោក Zahran Alloush ដែលមានវ័យ ៤៤ឆ្នាំ និង ជាមេដឹកនាំក្រុម Jayah al Islam រូបនេះ ជាការបាត់បង់ ដ៏ធំមួយ សម្រាប់ តំបន់ក្រោមការ គ្រប់គ្រងរបស់ក្រុមបះបោរ ដែលស្ថិត នៅតំបន់ ភាគខាងកើត រដ្ឋធានីដាម៉ាស់។
បើទោះបីជា រដ្ឋាភិបាលក្រុង ម៉ូស្គូ បានបញ្ជាក់អះអាងថា វាយប្រហារនេះ ផ្តោតសំខាន់ទៅ លើការបង្ក្រាបក្រុម ឧទ្ទាម រដ្ឋឥស្លាម ISIS ក្តី ប៉ុន្តែមេដឹកនាំ សំខាន់ៗរបស់ ក្រុមបះបោរជាច្រើនរូប ត្រូវបានសម្លាប់ ចាប់តាំងពីប្រទេស រុស្ស៊ី ចាប់ផ្តើម យុទ្ធនាការ វាយប្រហារ តាម ដែនអាកាសក្នុងប្រទេស ស៊ីរី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥កន្លងទៅនេះ ដើម្បីគាំទ្រ ដល់របប របស់លោក ប្រធានាធិបតី បាស្សាអាល់អាស្សាដ៕