ភ្នំពេញ៖ សម្ព័ន្ធកំណែងទម្រង់ ការបោះឆ្នោតហៅកាត់ថា ERA និងអង្គការសង្គមស៊ីវិល បានទទូចដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជ្រើសរើសអគ្គលេខា និងអគ្គលេខាធិការរង គ.ជ.ប ឲ្យមានតម្លាភាព។
យោងតាមលិខិត របស់សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដាក់ជូនគ.ជ.ប បានសម្តែងការអបអរសាទរ ចំពោះគ.ជ.ប ដែលបានប្រកាសជ្រើសរើសជាសាធារណៈ សម្រាប់ឲ្យសាធារណជន និងភាគីពាក់ព័ន្ធទំាងអស់ចូលរួម ប្រកួតប្រជែង ដាក់ពាក្យធ្វើជាអគ្គលេខា និងអគ្គលេខារង ដែលពុំធ្លាប់មានទាល់តែសោះ ចាប់តំាងពីគ.ជ.ប.ត្រូវបានបង្កើត ហើយមកទល់ពេលនេះគ.ជ.ប បានទទួលពាក្យពីសាធារណជន និងភាគីពាក់ព័ន្ធយ៉ាងច្រើន សម្រាប់ធ្វើការជ្រើសរើស។
លិខិតដាក់ជូនគ.ជ.បបញ្ជាក់ថា «សូមស្នើដោយទទូច ចំពោះគ.ជ.ប ត្រូវតែមានកម្មវិធីតម្លាភាព និងយុត្តិធម៌ទាក់ទងនិងដំណើរការ សម្រាំងយកបេក្ខជន បុរសនិងស្រ្តីមកធ្វើសេចក្តីសម្រេចចិត្ត ជ្រើសរើសនូវបេក្ខជនណាម្នាក់ សម្រាប់តំណែងជាអគ្គលេខា និងអគ្គលេខាធិការង ដើម្បីឲ្យភាគីពាក់ព័ន្ធ និងសាធារណជនបានយល់ដឹង និងចូលរួមជាយោបល់ »។
សង្គមស៊ីវិលទាំងនោះ ជឿជាក់ថា គ.ជ.ប នឹងបើកចំហរាល់ព័ត៌មាន ដែលទាក់ទងនឹងការសម្រាំង និងការសម្រេចចិត្ត ក្នុងការជ្រើសរើសបេក្ខជន សម្រាប់តំណែងខាងលើនេះ ដើម្បីឲ្យមានជំនឿទៅលើឯករាជ្យភាព និងអព្យាក្រឹត្យភាពរបស់ គ.ជ.ប ជាពិសេសការជឿទុកចិត្តពីសាធារណជន និងភាគីពាក់ព័ន្ធមកើកស្ថាប័ន គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត»។
គ.ជ.ប បានចែកពាក្យ និងការទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនមុខតំណែងអគ្គលេខា ធិការនិងអគ្គលេខាធិការរង ដែលចាប់ផ្តើមកាលពីថ្ងៃទី១៧ ធ្នូ បានបិទបញ្ចប់ហើយកាល ថ្ងៃទី២៦ធ្នូ ។ គ.ជ.ប បានទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនមុខតំណែងអគ្គលេខាធិការចំនួន៣៤ នាក់ និងអ្នកដែលទទួលយកពាក្យសុំឈរឈ្មោះ មុខតំណែងជាអគ្គលេធិការរង មានចំនួន១៧០នាក់ ។ អ្នកដែលបានដាក់ពាក្យសុំឈរ ឈ្មោះមុខតំណែងអគ្គលេខាធិការ មានចំនួន២៤នាក់ និងអ្នកដែលបាន ដាក់ពាក្យសុំឈរ ជាមុខតំណែងជាអគ្គលេខាធិការរង មានចំនួន១០០នាក់ ។
បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា នឹងប្រកាសលទ្ធផល នៅចន្លោះពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០១៦៕