ភ្នំពេញ៖ ក្នុងឆ្នាំ២០១២នេះ បណ្តាបទល្មើស ទាំងបទឧក្រិដ្ឋ និងមជ្ឈិម បានថយចុះមកត្រឹម៣.៦៧៦លើក បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១ មាន រហូតដល់៤.១២១លើក គិតជាភាគរយថយចុះ៤,៥%។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានប្រសាសន៍ ក្នុងពិធីប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០១២ និងលើកទិសដៅឆ្នាំ២០១៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះថា មិនថាតែបទល្មើសទាំងនេះទេ ដែលបានធ្លាក់ចុះនោះ សូម្បីតែ ករណីផ្សេងៗក៏បានធ្លាក់មកត្រឹមចំនួន ៣.១១៦ លើកដែលកាលពីឆ្នាំ២០១១មានរហូតដល់៣.៤៨៦លើក គិតជាភាគរយថយចុះ ៣,៧%។
រីឯការខូចខាត បាត់បង់ជីវិតមនុស្ស បានធ្លាក់មកត្រឹមចំនួន២.៥៣១នាក់ដែលចំនួននេះ កាលពីឆ្នាំ២០១១ មានរហូតដល់ចំនួន ២.៩២៥នាក់ គិតជាភាគរយថយចុះ ៣,៩៤ភាគរយ រងរបួសវិញ មាន៥.៩៥៤នាក់ ដែលកាលពីឆ្នាំ២០១១ មានរហូតដល់ ៦.៧៨១នាក់ គិតជាភាគរយថយចុះ៨,២៧ភាគរយ។ ចំពោះការ ប្រមូលហ្វូង មនុស្សទាមទារតវ៉ាផ្សេងៗកើនឡើង ទៅដល់៤៩៩លើក បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១១ មានត្រឹមតែ២៣១លើកប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ សៅ សុខា បន្តថា ភាពល្អប្រសើរផ្នែកសន្តិសុខ និងស្ថិរភាពនយោបាយ បានញ៉ាំងឲ្យកម្ពុជា សម្រេចបានយ៉ាងជោគជ័យ ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
នាយឧត្តមសេនីយ៍ បន្ថែមថា ការថយចុះបណ្តាលបទល្មើស ការបាត់បង់អាយុជីវិត មនុស្ស-ទ្រព្យសម្បត្តិ និងការធានាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ខាងលើ បានចង្អុលបង្ហាញ ពីការរួមចំណែក របស់កងរាជអាវុធហត្ថ ក្នុងការប្រតិបត្តិតួនាទី-ភារកិច្ច។
ជាក់ស្តែងឆ្នាំ២០១២ កម្ពុជាបានប្រើប្រាស់កម្លាំង ចំនួន ៣១២.៥៦៤នាក់ ធ្វើសកម្មភាព ៤៦.០៨៧លើក ប្រើប្រាស់មធ្យោបាយ មានរថយន្តចំនួន ៣៨.៩៣២គ្រឿង និងទោចក្រយាន្តយន្ត ចំនួន ១២.៧៣០គ្រឿង ។បង្ក្រាបបទល្មើសសរុបបានចំនួន៩៤៦លើក ។ បានកសាងសំណុំរឿងនិងបញ្ជូន ជនសង្ស័យទៅតុលាការ គ្រប់ថ្នាក់បានចំនួន៧៩៧នាក់ បានអនុវត្តដីកាគ្រប់ប្រភេទ របស់តុលាការចំនួន ៥.៤១៩ដីកា និងបានចាត់ការបណ្តឹង ចំនួន៨១៤បណ្តឹង ៕