កែប៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅខេត្តកែប នាព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៦) ដែលជាថ្ងៃប្រជាជនកម្ពុជា ចងចាំមិនភ្លេច ហើយជាកំណើតទី២របស់មាតុភូមិមួយនេះ ដែលបានរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។
ការរៀបចំពិធីនេះ ធ្វើឡើងនៅបរិវេនវិមានឯករាជ្យ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយ
មានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកែប អញ្ជើញជាអធិបតី និងមានការចូលរួមពីលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកែប និងលោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន បានចូលរួមយ៉ាងច្រើនកុះករផងដែរ៕