ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ យុវជនគំរាមសម្លាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បច្ចុប្បន្ន យុវជនដែលគំរាមសម្លាប់សម្ដេច ត្រូវបានកសាងសំណុំរឿង បញ្ជូនបន្តទៅចៅក្រម ស៊ើបសួរចាត់ការបន្ត តាមនីតិវិធី ។
លោក សៀង សុខ បានឲ្យដឹងថា នៅក្នុងដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងធ្វើការសម្រេចឃុំ ឬមិនឃុំខ្លួនយុវជនរូបនេះ។ យុវជនដែលគំរាមសម្លាប់សម្ដេចមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីត សាខាខេត្តសៀមរាប ឬកំពង់ធំ ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងថា នឹងសម្លាប់ និង បទប្រមាថ តាមមាត្រា ២៣៣ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។
លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងពីបទល្មើសទាំងពីរថា ទី១.គំរាមកំហែងថា នឹងសម្លាប់ កំណត់ការផ្តន្ទាទោសពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល ពោលជាបទមជ្ឈិម, និងទី២. ប្រមាថ កំណត់ការ ផ្តន្ទាទោសពី ១ថ្ងៃទៅ ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀលទៅ ១សែនរៀល ពោលជាបទលហុ៕
សវតារឿង៖
យុវជនដែលបាន គំរាមសម្លាប់ និងជេរប្រមាថសម្តេចតេជោ តាម Facebook បានសារភាព ប្រាប់តុលាការថា ខ្លួនពិតជាអ្នកសសេរផ្ទាល់ដៃ មែនមកពីខ្លួនមានចំណេះដឹងតិចតួច។
តុលាការក្រុងភ្នំពេញដែលមាន តំណាងអយ្យការលោក សៀង សុខ បានសួរនាំចប់មួយព្រឹកថ្ងៃទី៨មករា ជនសង្ស័យត្រូវបានសមត្ថកិច្ចសន្តិសុខ ផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបញ្ជូនខ្លួន ទៅវិញរងចាំសាក សួរបន្ថែមទៀតពីព្រះរាជអាជ្ញារងអមសាលាដំបូង។
យុវជននោះបានសារភាពប្រាប់តុលាការថា ខ្លួនពិតជាបានសសេរផ្ទាល់ដៃមែនមកពីខ្លួន មានចំណេះ ដឹងតិចតួចតែត្រូវ បានសាធារណៈជនរិះគន់ថា ធ្វើឲ្យខូចឈ្មោះពាក្យថាយុវជន ព្រោះយុវជនខ្លះមាន ចំណេះដឹងតិចតួច ក៏គេមិនដែលហាមាត់និយាយស្តីជេរប្រមាថ និងគំរាមសម្លាប់ថ្នាក់ដឹកនាំបែបនេះ នោះទេ៕