ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់ ថ្ងៃ សុក្រទី ១៥ នេះ បានអញ្ជើញចូលរួម ក្នុងពិធីជប់លៀង អបអរព្រឹត្តិការណ៍ បាល់ទាត់មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR 2016 ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជី ។
ពិធីជប់លៀងដ៏ធំមួយ ក៏មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន ដូចជាលោក Nutthavut Photisaro អគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុនអេសស៊ីជី ប្រទេសថៃ ដើម្បីអបអរសាទរការប្រកួតរវាង ក្រុម SCG MuangThong United និងក្រុម K-Cement Cambodian All Stars ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ មករា នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍បាល់ទាត់លក្ខណៈមិត្តភាព និងមនុស្សធម៌ ដោយថវិកាដែលទទួលបានពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ នឹងបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង ។
នៅក្នុងឱកាសនោះ លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុនអេសស៊ីជី បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនអាជីវកម្មឈានមុខគេ មួយក្នុងតំបន់អាស៊ាន អេសស៊ីជី មានទស្សនវិស័យ និងការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍសង្គម និងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ ដោយជ្រុងដ៏សំខាន់មួយរបស់យើង គឺកីឡា ។ យើងជឿរជាក់យ៉ាងមុតមាំថា កីឡាជាសកម្មភាព ដែល បណ្តុះសាមគ្គីភាព និងមិត្តភាព ដូចជា ភាសាសាកលសម្រាប់មនុស្សជាតិដូច្នោះដែរ ។”
លោកបន្ថែមទៀតថា “ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ នេះ អាចទទួលជោគជ័យទៅបាន ក៏ដោយសារមានការសហការ គាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណអ្នកគ្រប់គ្នាជាខ្លាំង។”
លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងផងដែរថា “ការប្រកួតនាថ្ងៃខាងមុខនេះ មិនមែនជាការប្រយុទ្ធគ្នានោះទេ តែជាការបង្ហាញនូវមិត្តភាព និងសាមគ្គីភាព ។ ព្រឹត្តិការណ៍ធ្វើឡើងនេះ ក៏ដូចជាការអបអរសាទរខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែរ ហើយខ្ញុំ និងក្រុមកីឡាករ ពិតជារីករាយ និងមានមោទនភាព ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ ។”
គួរបញ្ចាក់ផងដែរថា ការប្រកួតនេះជាការប្រកួតមួយ ដែលមានការទន្ទឹងរងចាំពីអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននៅក្នុងប្រទេសកម្ពុជា ពីព្រោះក្រុម K-Cement Cambodian All Stars គឺជាក្រុមមួយដែលបានជ្រើសរើសជាពិសេស ដោយសម្រិតសម្រាំងកីឡាករមានទេពកោសល្យ ជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា ប្រធានក្រុមជម្រើសជាតិកម្ពុជាលោក ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធល្បី ចាន់ វឌ្ឍនាកា ជាដើម។ ចំណែក ក្រុម SCG MuangThong United វិញ ក៏ជាក្រុមដ៏ខ្លាំង និងពេញនិយមបំផុតមួយ ក្នុងប្រទេសថៃផងដែរ ។ នៅរដូវកាលនេះ ក្រុម SCG MuangThong United បានជាប់លេខពីរនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសថៃ ។
បន្ថែមពីនេះ ជាផ្នែកនៃព្រឹត្តិការណ៍នេះ កីឡាករអាជីពក្នុងក្រុម SCG MuangThong United ក៏បានរៀបចំសកម្មភាពបណ្តុះបណ្តាលជំនាញបាល់ទាត់មូលដ្ឋាន ដល់កុមារកម្ពុជាប្រមាណ ២០០នាក់ ក្នុងកម្មវិធី “Kick and Share by SCG” សំដៅជំរុញការលេងកីឡាក្នុងចំណោមកុមារ និងការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ ជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។
សំបុត្រចូលទស្សនាការប្រកួតអាចរកបាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ មករា ដោយតម្លៃសំបុត្រគឺ ១ដុល្លារសម្រាប់សំបុត្រធម្មតា និង ២ដុល្លារសម្រាប់សំបុត្រវីអាយភី (កន្លែងអង្គុយដែលមានដំបូល) ។ បន្ថែមពីនេះ អ្នកចូលរួមអាចទិញអាវអនុស្សាវរីយ៍ មួយតម្លៃ៥ដុល្លារ ឬអាវយឺតសុទ្ធរបស់ក្រុម SCG MuangThong United ដែលនឹងមានដាក់លក់តែចំនួន ២៦០អាវ ប៉ុណ្ណោះ ។ ថវិកាដែលទទួលបានពីការលក់សំបុត្រ លក់អាវអនុស្សាវរីយ៍ និងអាវយឺតក្រុម SCG MuangThong United នឹងបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង ។ នៅថ្ងៃសៅរ៍ទី ១៦នេះ ទ្វារនឹងបើកទទួលអ្នកចូលទស្សនាចាប់ពីម៉ោង ៤ល្ងាច ហើយការប្រកួតជាក់ស្តែងនឹងចាប់ផ្តើមនៅម៉ោង ៦ល្ងាច ៕