ភ្នំពេញ ៖ នៅក្នុង២០១៥ ក្រសួងរ៉ែ និងថាមពល បានសម្រេចលុប កិច្ចព្រមព្រៀងរ៉ែ ចំនួន២៤ ព្យួរអាជ្ញាបណ្ណអាជីវកម្មរ៉ែ ចំនួន២ ហើយនឹងបន្តពិនិត្យ និងលុបជាបន្តបន្ទាប់ទៀត ចំពោះកិច្ចព្រម ព្រៀងណា ដែលពុំមានសកម្មភាព ឬពុំមានភាព អនុលោម តាមច្បាប់ លក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អ្នកនាំពាក្យក្រសួងរ៉ែ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា ក្រសួងបានផ្អាក ជាបណ្តោះអាសន្ន នូវការផ្តល់អាជ្ញាបណ្ណ ធនធានរ៉ែ សម្រាប់ការសិក្សា ស្វែងរុករករ៉ែ និងបានប្រមូលផ្តុំ កំលាំងសរុប និងធនធានសរុប ជំរុញការដោះស្រាយ និងគ្រប់គ្រង។
ក្រសួងបានជំរុញនិងចាត់វិធានការ ចំពោះសកម្មភាព អាជីវកម្មបូមខ្សាច់ អាណាធិបតេយ្យ ហើយបានកាត់ បន្ថយ បានជាអតិបរិមា នូវសកម្មភាពជីករ៉ែ អាណាធិបតេយ្យផ្សេងៗទៀត នៅលើក្របខ័ណ្ឌទូទាំង ប្រទេសកម្ពុជា។
ចំណែកចំណូល ចំណូលជាតិ មិនមែនសារពើពន្ធ ដែលប្រមូលបាន ពីវិស័យរ៉ែ និងប្រេងកាតនេះ មានចំនួនស្មើ ១៧,២៥៦,១៧៧ដុល្លារ កើនឡើងប្រមាណ ៤ដង ប្រៀបធៀប រយៈពេលដូចគ្នា នៅឆ្នាំ ២០១៤៕