ភ្នំពេញ៖ នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ នេះ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបើកសន្និសីទ សារព័ត៌មានស្តីពី ព្រឹត្តិការណ៍រត់ ប្រណាំងចម្ងាយ១២៨ គីឡូម៉ែត្រនៅតំបន់អង្គរ “ Angkor Ultra Trail Angkor 2016” លើកដំបូងនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា ចាប់ផ្តើមពីថ្ងៃទី២៣ និង២៤ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានអត្តពលិកជាតិ និងអន្ដរជាតិប្រមានជាង ២៥០នាក់ មកពី ២៦ប្រទេសលើពិភពលោក ។ ក្នុងឳកាសពិធីសន្និសីទសារ ព័ត៌មានខាងលើនេះ ដោយមានការអញ្ជើញចូលរួមពី លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាងអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកle cornec Jean Clayde អ្នកតំណាងក្រុមហ៊ុន ទេសចរណ៍ប្រទេសបារំាង។
លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាងអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ថ្មីមួយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានសហការជាមួយអ្នកជំនាញ រៀបចំកម្មវិធីកីឡា ទេសចរណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីអាជីពមករត់ កម្សាន្ដ តាមភូមិ ឃុំ ស្រុក នៃទឹកដីអច្ឆរិយៈរបស់ ប្រទេសកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរណ៍ផងដែរ។
លោកបានបន្ដថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ជាប្រវត្តិសាស្ដ្រនេះ នឹងបែកចែកជា ៣តំណាក់សម្រាប់ អត្តពលិកធ្វើការប្រកួត ដោយតំណាក់កាលទី១ អ្នកចូលរួមត្រូវរត់ចម្ងាយ ៦៤គីឡូម៉ែត្រ រីឯដំណាក់កាលទី២ និងទី៣ ត្រូវរត់ចម្ងាយ ៣២គីឡូម៉ែត្រដូចគ្នា តែតម្រូវឲ្យអត្ដពលិកគ្រប់រូប ត្រូវរត់រហូតចប់ តំណាក់កាលនីមួយៗ ទោះបីថ្ងៃ ឬយប់ក៏ដោយ ។ ប៉ុន្ដែក្រោយបញ្ចប់តំណាក់កាលនីមួយៗ អ្នកចូលរួមមានសិទ្ធិឈប់សម្រាក និងបរិភោគអាហារសម្រន់ ឬភេសជ្ជៈបានទៅតាមការ កំណត់របស់គណៈកម្មការ។
លោកle cornec Jean Clayde ជាអ្នកតំណាងក្រុមហ៊ុន ទេសចរណ៍ប្រទេសបារំាង បានមានប្រសាសន៍ថា លោកជាអ្នកជំនាញ ខាងផ្នែកយន្តហើរ និងកីឡាកររត់ប្រណាំងដែល ទទួលបានតំណែងលេខ ១ កាលពីឆ្នាំ១៩៨៥ ហើយលោកបានរៀបការ រត់ប្រណាំងពេលយប់ នៅប្រទេសចិនដោយ ទទួលស្គាល់ពីចិនដែរ។ លើកនេះលោកបានរៀបចំការ រត់ប្រណាំងធម្មជាតិលើកដំបូង ក្នុងប្រទេសកម្ពុជាលើកទឹកដីអង្គរ ដែលបានការអនុញ្ញាតពីរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ហើយក្នុងនោះក៏មាន កម្មពិធីដើរកម្សាន្តដើម្បីសុខភាព កុមារដោយធ្វើឡើងជាមួយអង្គការ មួយចំនួនក្នុងប្រទេសកម្ពុជា៕