ភ្នំពេញ៖ ដើម្បីកុំឲ្យមាន ការប្រព្រឹត្តអំពើពុករលុយ និងមានភាពលំអៀង ក្នុងការកាត់ក្តី ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំការស្នើសុំ ដំឡើងប្រាក់បៀវត្សដល់ចៅក្រម និងព្រះរាជអាជ្ញា បន្ថែមពីលើទៀត ប្រមាណជា៤០% ទៅ៥០% នៃប្រាក់បៀវត្សចាស់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងក្រោយកិច្ចប្រជុំ ស្តីពីប្រព័ន្ធតុលាការ និងយុត្តិធម៌ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា ក្រសូងបានរៀបចំព្រះរាជក្រឹត្យ ស្នើទៅព្រះមហាក្សត្រ ក្នុងការដំឡើងប្រាក់បៀវត្ស ដល់ចៅក្រម និងព្រះរាជអាជ្ញា ។ លោកលើកឡើងទៀតថា មន្ត្រីប្រព័ន្ធយុត្តិធម៌ នាពេលកន្លងមក តែងតែរងការចោទប្រកាន់ថា ធ្វើការងារមិនល្អ មិនប្រកបតាមវិជ្ជាជីវៈ និងចេះតែប្រព្រឹត្ត អំពើពុករលួយជាដើម ទោះបីជាមានមន្ត្រីមួយចំនួន បានខិតខំធ្វើការតាមវិជ្ជាជីវៈក្តី ប៉ុន្តែដើម្បីលុបបំបាត់ បញ្ហាទាំងនេះ ក្រសួង បានចែកឲ្យដាច់ស្រឡះ ពីមន្ត្រីខិតខំធ្វើការ និងមន្ត្រីខ្ជិលច្រអូស។
លោកបញ្ជាក់ថា « ពេលនេះដើម្បីកុំឲ្យគេម៉ៃដល់មន្ត្រី ដែលខិតខំធ្វើការពេលនេះ យើងបានចែកឲ្យដាច់ពីគ្នា គឺអ្នកដែលធ្វើត្រឹមត្រូវ ការពារគាត់ លើកទឹកចិត្ត តាមរយៈការតែងតាំងតំណែង ក៏ដូចជាប្រាក់បៀវត្សក៏ត្រូវ បន្ថែម។ បន្តិចទៀតចៅក្រមនឹងត្រូវកើនឡើងពី៤០% ទៅ៥០% បន្ថែមលើប្រាក់បៀវត្សចាស់ ពេលនេះ ព្រះរាជក្រឹត្យកំពុងតែរៀបចំ ដូច្នេះនៅពេលនេះ មិនទាន់ដឹងចំនួនប៉ុន្មានទេ តែដឹងតែមានការកើន ឡើងច្រើន»។
មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌រូបនេះ ឲ្យដឹងទៀតថា ចំពោះមន្ត្រីយុត្តិធម៌ណា ដែលធ្វើខុស នឹងមិនឲ្យរួចខ្លួនជា ដាច់ខាត ហើយចំណែកអ្នកដែល ធ្វើខុសត្រូវទទួលទោសទណ្ឌ ពិន័យទៅតាមច្បាប់ឲ្យបានច្បាស់លាស់៕