ភ្នំពេញៈ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៃស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ដឹកនាំដោយតំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ លោក លី សុន និងទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន លោក សំ រិទ្ធឌី អនុប្រធានក្រុមការងារ ចុះជួយស្រុកឧត្តុង្គ ហើយនិងលោក អ៊ុក កោសា អនុប្រធានថ្នាក់កណ្តាល ចុះជួយស្រុកឧត្តុង្គ និងទីប្រឹក្សាផ្ទាល់ របស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារ ជាតិទៀ បាញ់ បានចុះសំណេះសំណាល ជាមួយសមាជិកថ្មី ដែលមកពីគណបក្សផ្សេងៗ ចំនួន១៧៤នាក់ នៅក្នុងឃុំ យុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ការសំណេះសំណាលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នាស្នាក់ការកណ្តាល គណបក្សប្រជាជន ឃុំ យុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីលោក យឿង សួក មេឃុំ យុទ្ធសាមគ្គី ឡើងអានសេចក្តីប្រកាស បញ្ជូលសមាជិករួចមក តំណាងយុវជន យុវនារី និងសមាជិកថ្មីទាំងអស់ ដែលស្ម័គ្រចិត្ត សុំចូលជាសមាជិករបស់ គណបក្សប្រជាជនកម្ពុជា ឃុំ យុទ្ធសាមគ្គីនោះ បានឡើង ប្តេជ្ញាចិត្ត គោរពស្រលាញ់ សាមគ្គីភាព ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានកម្លាំងរឹងមាំបន្ថែមទៀត ក្នុងការដឹកនាំ ប្រទេស ជាតិ។ ហើយក្រុមយុវជនទាំងនោះ ក៏បានប្តេជ្ញាចិត្តបោះឆ្នោត ជូនដល់គណបក្សប្រជាជនផងដែរ ដើម្បីឲ្យដឹកនាំ ប្រទេសកាន់ តែរុងរឿងថែមទៀត។
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងត្រូវជា អនុប្រធានក្រុមការងារ ចុះជួយស្រុកឧត្តង្គ លោក សំ រិទ្ធឌី និងលោក អ៊ុក កោសា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុក ឧត្តុង្គ បានលើកឡើងពីគោលជំហរ របស់បងប្អូន ជាសមាជិកថ្មី ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជានៅឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គនេះ ដោយម្នាក់ៗបានសម្តែងនូវ ឆន្ទៈ ស្រឡាញ់នូវគណបក្សប្រជាជនកម្ពុជា ដូចជាស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងថែមទាំងប្តេជ្ញា ដើរតាម គោលនយោបាយ ដ៏ត្រឹមត្រូវរបស់បក្សផងដែរ។
មានមតិសំណេះសំណាលនោះដែរ តំណាងរាស្រ្តនៃមណ្ឌលកំពង់ស្ពឺ លោក លី សុន បានសម្តែងនូវក្តីរំភើបរីករាយ ជាខ្លាំង បន្ទាប់ពីបងប្អូនទាំងអស់ បានដឹងឮនូវការដឹកនាំ របស់សម្តេចទាំងបី ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ និងរីកចំរើនយ៉ាងខ្លាំងនោះ។ ជាមួយគ្នានោះដែរ លោក លី សុន ក៏បាន លើកឡើងអំពីភាពខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ បានធ្វើការស្តារ ឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនរួមមាន ប្រឡាយទឹកទាំងតូចទាំងធំ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ជាដើម៕