ភ្នំពេញ៖ លោក កែវ ជេស្ដារ គួរតែបាត់បង់តួនាទី ជាក្រុមប្រឹក្សាខេត្ដកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដោយសារតែគាត់មានតួនាទីជាអនុប្រធាន ប្រតិបត្ដិគណបក្ស សង្គ្រោះជាតិនៅខេត្ដ។ គណបក្សសង្គ្រោះជាតិ ជាគណបក្សបង្កើតថ្មីរួមគ្នារវាងគណបក្សសម រង្ស៊ី ជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ។
ប្រភពដែលស្និទ្ធ និង អ៊ុជ សេរីយុទ្ធ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានឲ្យដឹងថា លោក កែវ ជេស្ដារ ដែលមានការគាំទ្រពីលោក គួយ ប៊ុនរឿន បានស្នើទៅលោក សម រង្ស៊ី ឲ្យតែងតាំងលោក កែវ ជេស្ដារ ជាអនុប្រធានប្រតិបត្ដិគណបក្សខេត្ដកំពង់ចាម ។ ប្រភពមិនទាន់យកជាការបាន ព្រលយទៀត ថា លោក គួយ ប៊ុនរឿន បានប្ដូរឈ្មោះលោក កែវ ជេស្ដារ ទៅជាឈ្មោះ កែវ រតនៈ ។ មនុស្សតែមួយ នេះក្នុងតួនាទីជាក្រុមប្រឹក្សាខេត្ដឈ្មោះ កែវ ជេស្ដារ, ឯតួនាទីជាអនុប្រធានប្រតិបត្ដិ គណបក្សសង្គ្រោះ ជាតិមានឈ្មោះថា កែវ រតនៈ ។
សម រង្ស៊ី បាននិយាយជាច្រើនដង នៅពេលជួបប្រជុំជាមួយមន្ដ្រីជាន់ខ្ពស់នៅក្រៅប្រទេសថា អ្នកដែល មានតួនាទីទាំងអស់ ដូចជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ដ ក្រុង រាជធានី ស្រុក ខណ្ឌ ឃុំ សង្គាត់ ដែលមានប្រាក់ខែពីរដ្ឋាភិបាលនោះ មិនត្រូវឱ្យមានតួនាទីនៅក្នុងគណបក្សសង្គ្រោះជាតិទេ ពីព្រោះខុសច្បាប់បោះឆ្នោត ដែលឈានទៅដល់បាត់បង់តួនាទីមានប្រាក់ខែ។
ប៉ុន្ដែសម្រាប់លោក កែវ ជេស្ដារ មានឈ្មោះពីរ ដូចពួក ម៉ាហ្វីយ៉ា បន្លំភ្នែកគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះ ក៏ដោយសារតែលោក គួយ ប៊ុនរឿន ជាអ្នករៀបចំអោយដែរ ។ រឿងរ៉ាវខុសច្បាប់ នេះ គួរតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានវិធានការជាបន្ទាន់ គឺត្រូវតែចាត់វិធានការដក តួនាទីលោក កែវ ជេស្ដារ ឬ កែវ រតនៈ នេះ ចេញពីក្រុមប្រឹក្សាខេត្ដកំពង់ចាម ដើម្បីឱ្យអ្នកឈរលេខ រៀងបន្ទាប់ជំនួសវិញ។
មន្ដ្រីគណបក្សសិទ្ធិមនុស្សដែលជាដៃគូនោះ និយាយពីក្រោយខ្នងគណបក្ស សម រង្ស៊ីថា សូម្បីតែរក មនុស្សម្នាក់ឱ្យកាន់តំណែង ជាអនុប្រធានប្រតិបត្ដិ ខេត្ដកំពង់ចាមមិនបានទេដឹង បានជាឲ្យអ្នកមានតួ នាទីជាក្រុមប្រឹក្សាខេត្ដធ្វើខុសច្បាប់ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតយ៉ាងនេះ។ មន្ដ្រី ដដែលបាន និយាយដោយមិនបើកមុខថា សម្រាប់អ្នកដែលមានទ្ធិពលជាមួយប្រធាន ដូចជាលោក គួយ ប៊ុនរឿន នេះជាដើម បើទោះបីជាធ្វើខុស គ្មានសមត្ថភាពការងារយ៉ាងណា ក៏លោក សម រង្ស៊ី អត់ហ៊ានចាត់វិធាន ការដែរ ។
ចំពោះករណីលោក កែវ ជេស្ដារ នេះ ក៏ត្រូវលោក គួយ ប៊ុនរឿន លាក់បាំងមិនឲ្យលោក សម រង្ស៊ី ដឹង ដែរ។ បញ្ហាបែបនេះហើយ ក៏ជាផ្នែកមួយ ដែលសមាជិកគណបក្ស សម រង្ស៊ី ភាគច្រើន មិនគាំទ្រលោក គួយ ប៊ុនរឿន ជាប្រធានខេត្ដកំពង់ចាមនោះ៕