ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលមាន មុខរបរ ជាអ្នករកស៊ី ទទួល និងដាក់របស់បញ្ចាំ ត្រូវបានជនសង្ស័យ ពីរនាក់ ជាចោរប្លន់ ធ្វើសកម្មភាព បាញ់ចំនួន២គ្រាប់ បណ្តាលឲ្យ ត្រូវមួយ គ្រាប់ រងរបួសធ្ងន់ ហើយឆក់យក កាបូបលុយ បាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ប្រហែល ៨៖៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខ ផ្ទះស្រ្តីរងគ្រោះ តែម្តង គឺផ្ទះលេខ៧៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយស្រ្តីរងគ្រោះ ត្រូវបាន ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានក្នុងកាបូប លុយនោះ មានលុយ ជាង១ម៉ឺនដុល្លារ ។ សេចក្តីរាយការណ៍ បានបន្តថា មុខពេលកើតហេតុ ស្រ្តីរងគ្រោះនិងស្វាមី បានជិះរថយន្ត ម៉ាក លុច្សស៊ីស ៣៣០ ពណ៌ស ចេញពីកន្លែងធ្វើការ នៅម្តុំមាត់ ទន្លេ លុះមកដល់មុខផ្ទះ ប្តីបានឲ្យប្រពន្ធ របស់ខ្លួន ចុះពីលើរថយន្ត ដើម្បីបើកទ្វារ ចូលទៅក្នុងផ្ទះ ស្រាប់តែមាន ជនសង្ស័យចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ មិនចាំម៉ាក បាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវមួយ គ្រាប់ចំ ជើងខាងឆ្វេងលើជង្គង់ ។
ដោយឡែក ជនសង្ស័យ ក្រោយធ្វើ សកម្មភាព បានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ពីកន្លែងកើតហេតុ ។ ក្រោយកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិ និងសមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗផងដែរ ។
ជាមួយគ្នានេះ សមត្ថកិច្ច ដែលបានចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះ សយ គន្ធាអាយុ៣៩ឆ្នាំ មានមុខរបរ ជាអ្នករកស៊ី ដាក់ និងទទួលរបស់បញ្ចាំ រីឯប្តីមិនស្គាល់ អត្តសញ្ញាណនោះឡើយ ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ ស្វែករក ចាប់ខ្លួន ជនសង្ស័យជា ក្រុមចោរប្លន់ តាមបញ្ជារបស់ លោកស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរងនគរបាល ទទួលផែន៕