ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង អនុញ្ញាត ឲ្យលោកស្រី Megan Anderson ទីបឹ្រក្សាស្ថានទូតអូស្ត្រាលី ផ្នែកសហប្រតិបត្តិការអភិវឌ្ឍ ហៅកាត់ថា (AusAID) ចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាស ដែលលោកស្រី ត្រូវបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Megan Anderson មានប្រសាសន៍ថា ការិយាល័យកណ្តាល របស់ទីភ្នាក់ងារអូស្ត្រាលី ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (AusAID) នៅទីក្រុង Canberra បានសម្រេចតែងតាំង លោក Paul Keogh ជាទីបឹ្រក្សាស្ថានទូតអូស្ត្រាលី ផ្នែកសហប្រតិបត្តិការ អភិវឌ្ឍថ្មី ជំនួសលោកស្រី ដែលបាន បញ្ចប់បេសកកម្មនៅកម្ពុជា កាលពីពេលថ្មីៗនេះ ។
លោកស្រី Megan Anderson មានប្រសាសន៍ទៀតថា រដ្ឋាភិបាលអូស្ត្រាលី មានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូ អភិវឌ្ឍទ្វេភាគី ធំជាងគេបង្អស់ទី៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរដ្ឋាភិបាលអូស្ត្រាលី ក៏មានឆន្ទៈខ្ពស់ ក្នុងការគាំទ្រសិទ្ធិរបស់ជនពិការផងដែរ ។
ទន្ទឹមនោះ AusAID ក៏ត្រៀមនឹងរៀបចំ គម្រោងកម្មវិធីពិការភាពថ្មី មួយ ដែលមានទំហំធំជាង និងមានរយៈពេលយូរជាង ដើម្បីជំនួសឲ្យកម្មវិធីខ្លីៗ មួយចំនួនមានស្រាប់ ដែលរៀបនឹងត្រូវបញ្ចប់ផងដែរ ។ មានប្រសាសន៍ នៅក្នុងឱកាសនោះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អរវាង AusAID ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសង្គមកិច្ច ក្នុង អំឡុងពេលដែលលោកស្រី Megan Anderson បំពេញបេសកកម្មនៅកម្ពុជា ។
លោករដ្ឋមន្ត្រី ក៏បាន មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់ នៅក្នុងការ អភិវឌ្ឍវិស័យសុខុមាលភាពសង្គម ជាពិសេស វិស័យពិការភាព ហើយបានកំណត់យកប្រទេស កម្ពុជា ជាប្រទេសគោលដៅ១ ក្នុងចំណោម ប្រទេសគោលដៅ២ នៃការអភិវឌ្ឍវិស័យពិការភាព ។
លោក អ៊ិត សំហេង មានប្រសាសន៍បន្តទៀតថា វិស័យពិការភាពនៅកម្ពុជា គឺជាវិស័យមួយ កំពុងមានការអភិវឌ្ឍ រីកចម្រើនគួរឲ្យកត់សម្គាល់ ហើយចំពោះវឌ្ឍនភាព របស់វិស័យពិការភាព នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកម្ពុជាបានបង្កើតច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្នុងនោះ ក្រសួងក៏បានរៀបចំអនុក្រឹត្យ ប្រកាសជាច្រើន ដើម្បីអនុវត្តច្បាប់នេះ រួមបញ្ចូលទាំងគោលនយោបាយ ចំពោះជនពិការ ក៏ត្រូវបានដាក់ ឲ្យអនុវត្តផងដែរ ។
លោក អ៊ិត សំហេង បានបន្តទៀតថា ថ្មីៗនេះ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ របស់អង្គការសហប្រជាជាតិ ហើយ អនុសញ្ញានេះ នឹងចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នេះហើយ ។ ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចផ្តល់គ្រឿងឥស្សរយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ដល់លោកស្រី Megan Anderson ខណៈដែលលោកស្រីបានបញ្ចប់ បេសកកម្មនៅ ព្រះរាជា ណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ៕