កណ្តាល៖ កម្មករ កម្មារិនី ចំនួន៣៥នាក់ នៃរោងចក្រ គ្លូប៊ល ដែលមានទីតាំង ស្ថិតនៅឃុំគោក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានគេរាយការណ៍ថា បានដូលសន្លប់ ចំនួន៣៥នាក់ ។
ការដួលសន្លប់ ខាងលើនេះ ត្រូវបានគេរាយការណ៍ថា បណ្តាលមកពី ខ្មោចចូល ខណៈអាជ្ញាធរ និងសមត្ថកិច្ច ជំនាញកំពុង ធ្វើការស្រាវជ្រាវ លើករណីនេះ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈកំពុងឈរ ធ្វើការ ស្រាប់តែជនរងគ្រោះទាំងនោះ ទន់ដៃទន់ជើង ហើយដួលសន្លបន់ តែម្តង សរុបចំនួន៣៥នាក់ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា កម្មកររោងចក្រ គ្លូប៊ល ដេរស្បែកជើង កាលពីម្សិលមិញ ចំនួន១៦នាក់ ត្រូវបានក្រុមគ្រួសារ អះអាង ត្រូវខ្មោចចូល បន្ទាប់ពីពួកគេបាន ចូល ធ្វើការបាន ១ម៉ោងនៅក្នុងរោងចក្រ។ កម្មការិនីម្នាក់ ឈ្មោះកញ្ញា ផន នីតា ដែលត្រូវខ្មោច ចូលដែរនោះបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ថា នៅពេលដែល ខ្លួនបានចូលក្នុងរោងចក្រ ដើម្បីធ្វើការដូចសព្វមួយដងនោះ ប៉ុន្តែក្រោយមកពួកគាត់ត្រូវបានខ្មោចចូល និងបានទាមទាររកសំណែន ដូចជាភ្លេង និងជ្រូកខ្វៃជាដើម។
ឈ្មោះកញ្ញា ផន នីតា បន្តថា “នៅពេលដែលខ្មោចចេញផុតទៅ ពួកខ្ញុំក៏បានខ្សោយអស់កម្លាំងទន់ដៃទន់ជើង ហើយក៏ដួល សន្លប់ទៅ ហើយក៏ត្រូវបានគេដឹកបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យ”។ កញ្ញា បញ្ជាក់ថា ចំពោះថ្លៃព្យាបាល គឺខាងភាគីក្រុមហ៊ុន ជាអ្នកចេញថ្លៃឲ្យអស់ ហើយពួកគេត្រូវបាន ក្រុមហ៊ុនអនុញ្ញាត ឲ្យឈប់សម្រាករហូត ដល់អាការៈធូស្រាល អាចចូលធ្វើការវិញបាន។
សូមបញ្ជាក់ថា កម្មការិនីទាំង១៦នាក់ ដែលត្រូវខ្មោចចូលនោះ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព បែក ចាន និងគ្លីនិកនៅថ្នល់ទទឹង ដោយនៅ មណ្ឌលសុខភាពបែកចាន មានចំនួន ១១នាក់ និងនៅគ្លីនិកថ្នល់ទទឹង ចំនួន៥ នាក់ ផងដែរ ហើយពេលនេះ កម្មការិនីទាំងនោះមានអាការៈ ធូរស្រាលបន្តិចហើយ និងមានខ្លះបាន ត្រឡប់ទៅផ្ទះវិញផងដែរ៕