ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ផឹកស្រាស្រវឹង ដាបបើកម៉ូតូកង់បី ជ្រុលចង្កូតរេ ធ្លាក់ចូលទៅទន្លេសេសាន បណ្តាលឱ្យ រងរបួសធ្ងន់ រហូតដល់ស្លាប់ ពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។
តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី វេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
មុនកើតហេតុ គេឃើញបុរស រងគ្រោះនោះ អង្គុយផឹកស្រាជាមួយ អ្នកជិតខាង អស់ជាច្រើនលីត្រ ហើយ ងើបឡើងបញ្ឆេះ ម៉ូតូកង់បី ដែលគេទុកចោល បើកក្នុងល្បឿនលឿន ចេញពីផ្ទះផឹកស៊ី ស្រាប់តែ រេចង្កូត បោលកន្ទុយ ក្រឡាប់ធ្លាក់ចូលមាត់ទឹក ទន្លេសេសាន ខណៈនោះជនរងគ្រោះ ផ្លោងចេញពីម៉ូតូ ក្បាលបោក នឹងគល់ឈើ ផុងលលាក្បាល របួសយ៉ាងដំណំ ត្រូវបានគេយកទៅសង្រ្គោះ តែស្នាមរបួស ធ្ងន់ពេក គ្រូពេទ្យមិនអាចជួយបាន។
ឪពុកជនរងគ្រោះ បានឱ្យដឹង កូនគាត់មានឈ្មោះ សំ វណ្ណស័ក្កិ អាយុ២៣ឆ្នាំ មានមុខរបរ ជាកសិករ និងមានរថយន្ត កិនស្រូវ ដើរស៊ីឈ្នួល កិនស្រូវឱ្យគេតាមភូមិ មានប្រពន្ធ និងកូនអាយុជាង២ឆ្នាំ ។
ពួកគេ រស់នៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោ ខេត្តស្វាយរៀង ទើបតែមករស់នៅ ខេត្តស្ទឹងត្រែង ស៊ីឈ្នួលបោក និងកិនស្រូវឱ្យគេ។ មុនកើតហេតុ សំ វណ្ណស័ក្កិ បានទៅកិនស្រូវ ឱ្យគេតាមភូមិ ពេលត្រឡប់មកវិញ ក៏ចូលទៅផឹកស៊ី ជាមួយអ្នកជិតខាង រួចឡើង លើម៉ូតូកង់បីរបស់គេទុកចោល យកមក បើកលេង ក៏ជួបនៅ ហេតុការណ៍នេះតែម្តង។
បច្ចុប្បន្ន ក្រុមគ្រួសារសព បានរៀបចំបញ្ជូនសពទៅ ស្រុកកំណើតធ្វើបុណ្យ បន្សល់ទុកឱ្យប្រពន្ធ នៅមេម៉ាយទាំងក្មេងវ័យ និងកូនប្រុសម្នាក់ អាយុជាង២ឆ្នាំ៕