ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ គឺជាថ្ងៃប្ររព្ធពិធិបុណ្យគំរប់ ១០០ថ្ងៃ នៃព្រះបរមសព បរមរតនកោដ្ឋ របស់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២២ មករានេះថា នៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ សម្តេច និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងរាប់បាត្រឧទ្ទិសកុសល ជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។
សម្តេចបន្តថា “តាមពិតគំរប់ខួប១០០ថ្ងៃ នៃព្រះបរមរតនកោដ្ឋ ត្រូវដល់ថ្ងៃទី២៥ ឯណោះ តែតាមជោគតាមប្រពៃណី របស់ក្សត្រ ត្រូវធ្វើមុនថ្ងៃអីចឹង ថ្ងៃនេះល្ងាចនេះ និងមានការសូត្រមន្ត និងព្រឹកស្អែកនឹងត្រូវរាប់បាត្រ ប្រគេនព្រះសង្ឃ”។
គិតត្រឹមថ្ងៃទី២២ ខែមករានេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីដង្ហែ និងបូជាព្រះភ្លើង នឹងត្រូវដល់។ ថ្ងៃនោះ រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងនឹង បាញ់កាំភ្លើងធំ និងក្បួនដង្ហែយ៉ាងធំផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ធ្វើការកាន់ទុក្ខក្នុងរយៈកាល នៃការកាន់ទុក្ខពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាដំណាក់កាលនៃការកាន់ទុក្ខ លើកទី២ ចំពោះព្រះមហាវីរក្សត្រ ដែលជាការលាគ្នាចុងក្រោយ។
គួររំលឹកថា ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយោងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន៕