ភ្នំពេញ៖ បុគ្គលិកផ្នែកជាតិ នៃសាលាក្តីខ្មែរក្រហម មានចំនួន ជាងពាក់កណ្តាលបាន ដាក់ពាក្យសួររកប្រាក់ខែសម្រាប់ខែធ្នូ និងកិច្ចសន្យា បន្តការងារ បន្ទាប់ពីសាលាក្តីកូនកាត់មួយនេះ បានជួបប្រទះផ្នែកហិរញ្ញវត្ថុ។
មន្រ្តីនាំពាក្យ នៃសាលាក្តីខ្មែរក្រហម លោក នេត ភក្រ្តា មានប្រសាសន៍ឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ មានបុគ្គលិកការងារ នៅសាលាក្តីខ្មែរក្រហមផ្នែកជាតិ ជាងពាក់កណ្តាលក្នុងចំណោមបុគ្គលិកជាង៣០០នាក់ បានដាក់ពាក្យសួររកប្រាក់ខែរបស់ពួកគេ។ លោកបន្តថា ដោយក្នុងលិខិតនោះ បានលើកឡើងថា ពួកគេបានជួបការលំបាក យ៉ាងធ្ងន់ធ្ងរនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃដោយសារពុំមានថវិកា គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ហើយពួកគេមានសតិអារម្មណ៍មិនល្អ ពេលដល់បើកប្រាក់ខែម្តងៗ។
លោកបានបញ្ជាក់ថា “ពួកគាត់បានដាក់លិខិតមក នៅរសៀលថ្ងៃនេះ ហើយប្រសិនបើជា គ្មានព័ត៌មាន ឬក៏ប្រភពណាមួយ ដែលបញ្ជាក់នឹងបើក ប្រាក់ខែឲ្យ ឬប្រាក់ខែបន្តបន្ទាប់នោះ ពួកគាត់នឹងធ្វើការពិចារណា ស្វែងរកមធ្យោបាយ ឬលទ្ធភាពផ្សេងទៀត ដើម្បីចិញ្ចឹមជីវិត របស់ពួកគាត់វិញ បើមិនដូច្នេះទេ ពួកគាត់នឹងផ្អាកការងារនៅសាលាក្តីនេះជាបណ្តោះអាសន្ន”។
យ៉ាងណាក៏ដោយ លោក នេត ភក្ត្រា បន្តថា នៅក្នុងឆ្នាំ២០១៣នេះ មន្រ្តីបម្រើការងារនៅសាលាក្តីខ្មែរក្រហម ទាំងអស់មិនទាន់បានចុះកិច្ច សន្យាថ្មីជាមួយសាលាក្តីនៅឡើយទេ ដោយផ្នែករដ្ឋបាលមិនទាន់បានទទួលជំនួយពីប្រទេសដែលជាម្ចាស់ជំនួយអន្តរជាតិ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ទាំងភាគីជាតិ និងអន្តរជាតិ បានស្នើសុំជំនួយពីប្រទេសម្ចាស់ជំនួយ ហើយក៏កំពុងស្ថិតនៅលើដៃរបស់ពួកគេនៅឡើយ មិនបានឆ្លើយតបមកទេ ប៉ុន្តែភាគីទាំងពីរនឹងធ្វើការជម្រុញបន្ថែមទៀត ហើយសង្ឃឹមថា ប្រទេសម្ចាស់ជំនួយនឹងយល់ព្រមក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយទៅបុគ្គលិកវិញ៕