កំពង់ចាម៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ រួមទាំងកម្លាំង នគរបាលពិសេស មកពីនាយកដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៨៖១៥នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ បានសម្រេចដកថយ ពីធនាគារ អេស៊ីលីដា សាខាស្រុកស្ទឹងត្រង់ ម្តុំផ្សារបែកអន្លង់ ទីកន្លែង ដែលបុគ្គលិកធានាគារ អេស៊ីលីដា ត្រូវបានចាប់ជាចំណាប់ខ្មាំង ក្រោយពេលធ្វើការ ឡោមព័ន្ធ អស់ជាច្រើនម៉ោង ដោយមិនទទួល លទ្ធផល ពោលជនសង្ស័យ នៅតែមិនព្រមដោះលែង ជនរងគ្រោះនៅឡើយ បើទោះបីជាសមត្ថកិច្ច បានយល់ព្រម បោះថ្មាំញៀន ឲ្យពួកគេជក់ ក៏ដោយនោះ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ចដែល ចូលរួមប្រតិបត្តិការ ខាងលើនេះ បានឲ្យដឹងថា ក្រោយពីជនសង្ស័យបាន ព្រមាន និងប្រាប់ឲ្យ សមត្ថកិច្ច ដកថយពីកន្លែង កើតហេតុនោះ និងកុំឲ្យមានការប៉ះពាល់ ដល់ជនរងគ្រោះ ទាំងពីរនាក់ កម្លាំងសមត្ថកិច្ចទាំងអស់ បានដកថយ ដើម្បីទុកឱកាស ឲ្យជនសង្ស័យរត់គេចខ្លួន និងដោះលែង ជនរងគ្រោះ។
យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ ដឹងពីស្ថានភាព ចំណាប់ខ្មាំងទាំ ងពីរនាក់នោះទេ ខណៈពួកគេ ត្រូវបានឃុំទុកនៅ ក្នុងបន្ទប់ ដាក់ទូដែក អស់រយៈពេល ជាច្រើនម៉ោង ដែលបន្ទប់នោះគ្មាន ម៉ាស៊ីនត្រជាក់ គ្មានកង្ហា ពោលមានតែកង្ហា បឺតខ្យល់មួយតែប៉ុណ្ណោះ និងត្រូវបានចាក់សោរពីរជាន់ទៀតផង។
នេះជាមេរៀនថ្មី មួយទៀត ដែលសមត្ថកិច្ចកម្ពុជា បាននិងកំពុងជួបប្រទះ ខណៈដែល ការរៀនសូត្រ និងការហ្វឹកហ្វាត់ នាពេលកន្លងទៅ មិនមានរឿងបែបនេះ កើតឡើង ពោលគ្រាន់តែជា ការរៀបចំឆាក តែប៉ុណ្ណោះ តែឥឡូវ សមត្ថកិច្ច បានជួបហេតុការថ្មីហើយ។
ដើមអម្ពិល នឹងបន្តតាមដាន រឿងនេះលុះត្រាតែ ចំណាប់ខ្មាំង ត្រូវបានរំដោះលែង នាវិនាទីចុងក្រោយ៕
ជនរងគ្រោះដែលរត់គេចខ្លួន ពីកណ្តាប់ដៃក្រុមជនល្មើស