TEHRAN: រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Muallem បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២កន្លងទៅថា រដ្ឋាភិបាលរបស់ លោកនឹងប្តេជ្ញាក្នុងការអនុវត្តគម្រោងសន្តិភាព ដែល ដាក់ចេញដោយលោក កូហ្វី អាណាន់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើង នូវសំដីរបស់ លោក Muallem ថារដ្ឋាភិបាលស៊ីរី បានសម្រេចចិត្តក្នុងការអនុវត្តតាមគោលការណ៍ នៃ គម្រោងរបស់លោក កូហ្វី អាណាន់។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស រូបនេះបានបង្ហាញការជឿជាក់ថា ក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាល នឹងត្រូវបរាជ័យដោយសារកងកម្លាំងរបស់រដ្ឋាភិបាល។ ដោយបានបញ្ជាក់ថា ក្រុមប្រឆាំងរដ្ឋាភិបាលដែលបានប្រមូលផ្តុំគ្នា នៅAleppo ដើម្បីប្រឆាំងរដ្ឋាភិបាល ប្រាកដជាបរាជ័យជាមិនខាន។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរូបនេះ បានបង្ហាញការសង្កត់ធ្ងន់បែបនេះ ក្នុងសន្និសិទសារព័ត៌មាន ខណៈពេលលោកធ្វើកិច្ចជំនួបជាមួយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Ali Akbar Salehi ក្នុងពេលដែល លោកបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសនេះ៕
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Muallem