សៀមរាប: កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១២ ក្រសួងបរិស្ថាន បានរៀបចំប្រារព្ធទិវារំលឹក ខួបលើកទី២៥ នៃការបង្កើតពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងការប្រកាស ដាក់ឲ្យអនុវត្តផែនការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន (Hydro chlorofluorocarbons) នៅកម្ពុជា។ ទិវានេះ ប្រារព្ធធ្វើនៅក្នុងបរិវេណខាងក្រោយប្រាង្គប្រាសាទអង្គរវត្ត ក្រោមកិច្ចសហការរៀប ចំដោយក្រសួងបរិស្ថាន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កម្មវិធីបរិស្ថានអង្គការ សហប្រជាជាតិ (UNEP) និងមូលនីធិ នៃកិច្ចព្រមព្រៀងពហុភាគី Multilateral Fund (MLF)។ ហើយ ឆ្នាំ២០១២ នេះ គឺជាឆ្នាំទី១១ សម្រាប់កម្ពុជា ដែលបានចូលរួមអបអរសាទរជាមួយនឹងរដ្ឋាភិបាល នៃ បណ្ដាប្រទេសជាង ១៩០ នៅលើពិភពលោក ដើម្បីបុព្វហេតុបរិស្ថានលើភពផែនដី។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងមានការចូលរួមពីលោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងបរិស្ថាន លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត លោក សៀង ណាំ សមាជិករដ្ឋសភា មណ្ឌលសៀម រាប លោកបណ្ឌិត ម៉ាកូ គនស្សាឡេស៍ (Marco Gonzaléz) អគ្គលេខាធិការ នៃលេខាធិការដ្ឋានអូហ្សូន លោកស្រី ម៉ារីយ៉ា ណូឡន់ (Maria Nolan) ប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនីធិពហុភាគី លោក បណ្ឌិត យ៉ុងវ៉ូ ផាក (Young-Woo Park) នាយកកម្មវិធីបរិស្ថានសហប្រជាជាតិប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ដោយមានអ្នកចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រី រាជការ សិស្ស និស្សិត យុវជនកាក បាទក្រហម យុវជនកាយរិទ្ធិប្រមាណ ៣០០នាក់។
លោក ម៉ុក ម៉ារ៉េត បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី២៥ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ឆ្នាំ១៩៨៧-២០១២ ក្រោមពាក្យស្លោក «ការពារបរិយាកាសសម្រាប់មនុស្សជំនាន់ក្រោយ (Protecting our atmosphere for Generation to come)»។ ហើយមកទល់បច្ចុប្បន្ន ស្រទាប់អូហ្សូនមាននិន្នាការ ផ្លាស់ប្តូរឈានទៅរកការអន្តរាយធ្ងន់ធ្ងរ ដោយសារសកម្មភាពរបស់មនុស្សបង្កឡើង។ ហើយពិភពលោក កំពុងតែប្រឈមនឹងគ្រោះធម្មជាតិធំៗជាច្រើន មានដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ។ល។
លោកស្រី ម៉ារីយ៉ា ណូឡន់ (Maria Nolan) ប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនីធិពហុភាគី បាន មានប្រសាសន៍ថា ការពារនូវបរិយាកាស នៃភពផែនដី ពិសេសការពារស្រទាប់អូហ្សូន និងការអនុវត្តផែន ការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន គឺចាំបាច់បំផុត ដែលតម្រូវឲ្យមានការចាប់ផ្ដើមសកម្ម ភាពឲ្យបានឆាប់រហ័ស សម្រាប់មនុស្សជំនាន់ក្រោយៗរបស់យើង។
លោកស្រីបានបន្ដថា ការមកដល់ប្រទេសកម្ពុជាជាលើកទីមួយ លោកស្រីបានចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រទេស ដែលប្រកបដោយអរិយធម៌ និងប្រកបដោយប្រវត្តិសាស្ត្រ នៃវប្បធម៌ និងប្រាង្គប្រាសាទ ដ៏ខ្ពង់ខ្ពស់។ ហើយរដ្ឋាភិបាលកម្ពុជា មានឆន្ទ:ខ្ពស់ក្នុងការសម្រេចឲ្យបាននូវការការពារ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងអនុវត្តន៍ផែនការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន ហើយក្នុងនាម ប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនីធិពហុភាគី លោកស្រី នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តទៅ ទៀត។
លោកបណ្ឌិត ម៉ាកូ គនស្សាឡេស៍ និងលោកបណ្ឌិត យ៉ុងវ៉ូ ផាក បានមានប្រសាសន៍ជារួម ថា លោក មានមោទនភាពយ៉ាងខ្លាំង ដែលបានមកចូលរួមក្នុងការប្រារព្ធពិធីនាពេលនេះ នៅក្នុងបរិវេណនៃប្រាង្គ ប្រាសាទអង្គរវត្ត ដែលធ្វើឲ្យបណ្ដាប្រទេសនៅលើពិភពលោក ដើម្បីបុព្វហេតុបរិស្ថានលើភពផែនដី ចង ចាំនូវព្រឹត្តិការណ៍នេះ ហើយក្នុងនាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក៏ដូចជា កម្មវិធីបរិស្ថានអង្គ ការសហប្រជាជាតិ និងមូលនីធិ នៃកិច្ចព្រមព្រៀងពហុភាគី សូមកោតសរសើរដោយស្មោះ ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយើងនឹងបន្តគាំទ្រដល់កម្ពុជាតទៅទៀត។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រយ៉ាងពេញ ទំហឹង និងសង្ឃឹមយ៉ាងមុតមាំថា ទិវានេះ ពិតជាបានជំរុញមនសិការការពារបរិស្ថានរបស់បងប្អូន ជនរួម ជាតិយើងទាំងអស់គ្នា ឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សាស្រទាប់អូហ្សូន និងទប់ស្កាត់ការ បំផ្លាញស្រទាប់ស្រទាប់អូហ្សូន។ ហើយលោកបាន សុំឲ្យ UNDP UNEP និង MLF បន្តជួយដល់ ប្រទេស កម្ពុជា ទាំងថវិកា និងបច្ចេកវិជ្ជា ដើម្បីឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យជាបន្ដទៅទៀត ក្នុង ការអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ពិសេសការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន (Hydro chlorofluorocarbons) នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការថែរក្សាបរិ ស្ថានភពផែនដីឲ្យមាននិរន្តរភាព។
សូមបញ្ជាក់ថា អូហ្សូន (Ozone) គឺជាឧស្ម័នម្យ៉ាង ដែលកកើតឡើងដោយឯកឯង ក្នុងបរិយាកាស ។ ភាគច្រើន នៃអូហ្សូនបានប្រមូលផ្ដុំក្នុងស្រទាប់អូហ្សូន ដែលមានទីតាំងក្នុងស្រទាប់ឧស្ម័ន និងមានចម្ងាយ ជាច្រើនគីឡូម៉ែត្រពីខាងលើផ្ទៃនៃភពផែនដី។
ទោះបីអូហ្សូនគ្រាន់តែបង្ហាញឲ្យឃើញតែមួយភាគតូច នៃឧស្ម័នដែលបានបង្ហាញនៅក្នុងបរិយាកាសក្ដី ក៏ស្រទាប់របស់វាមានតូនាទីជាសារវន្ដមួយ ជាខែលក្នុងការការពារជីវិតមនុស្ស និងជីវិតដទៃទៀត លើ ផែនដីពីភយន្ដរាយ ដែលបណ្ដាលមកពីកាំរស្មី នៃពន្លឺអ៊ុលត្រាវីយ៉ូឡេត (ultraviolet light) ដែលអាច ហៅថា ពន្លឺពណ៌ស្វាយ ពីពន្លឺព្រះអាទិត្យ។ ដែលសកម្មភាពរបស់មនុស្សជាច្រើនទសវត្ស ចុងក្រោយនេះ បានបង្កើតឲ្យមាននូវសារធាតុគីមី ដូចជា សារធាតុក្លរ៉ូភ្លុយអរ៉ូកាបោន (chlorofluorocarbons/CFCs) ដែលបានបញ្ចេញចូលទៅក្នុងបរិយាកាសយ៉ាងធ្ងន់ធ្ងរ៕