ភ្នំពេញ៖ ជាមួយនឹងបញ្ហាមួយចំនួន ក្នុងនាមជាប្រធានអាស៊ានរយៈពេលមួយឆ្នាំ ដើម្បីដឹកនាំទៅរកភាពស្និទ្ធស្នាលគ្នាមួយនោះ កម្ពុជាកំពុងតែប្រឈមមុខ ទៅនឹងការប្រកួតប្រជែងបន្ថែមទៀត ចំពោះមុខកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា នៅពាក់កណ្តាល ខែវិច្ឆិកា ខាងមុខនេះ ចំពោះមុខជម្លោះនៃការធ្វើនាវាចរណ៍ ដែលនៅស្ថិតក្នុងសីតុណ្ហភាពក្តៅអ៊ុនៗ រវាងប្រទេសចិន និង បណ្តាប្រទេសអាស៊ានមួយចំនួន ដែលមេដឹកនាំរបស់ពួកគេ ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំ ខាងលើនេះដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ ព្រមទាំងបណ្តាកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា គឺគ្រាន់តែជាការសាកល្បងបន្ថែមទៀត ទៅលើជំនាញការទូតរបស់កម្ពុជា និង សមត្ថភាពរបស់អាស៊ាននៅក្នុង ការរួបរួមគ្នា ប្រកបដោយការជឿទុកចិត្ត បើទោះបីជាប្រទេសចិន បានកើនឡើងនូវឥទ្ធិពល ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ទៅលើសមាជិកមួយចំនួន របស់បណ្តាប្រទេសអាស៊ានទាំង ១០ នោះក៏ដោយ។
ចំពោះកិច្ចប្រជុំទាំងឡាយ នៅពេលខាងមុខនេះ នឹងលើកយកនូវការបរាជ័យ ដែលមិនធ្លាប់មានចំពោះ សេចក្តីថ្លែងការណ៍រួម នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រចាំឆ្នាំនៃបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងប្រទេសកម្ពុជា កាលពីខែកក្កដាកន្លងទៅនេះ និង ជាបទពិសោធន៍ លើកដំបូងដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ៤៥ឆ្នាំកន្លងមក ឆ្លើយតបទៅនឹងភាពអសមត្ថភាព ដើម្បីសម្រេចសេចក្តីថ្លែងការណ៍រួមដ៏លំបាក ទៅលើថាតើ គេនឹងដោះស្រាយដោយរបៀបណា ឬ មួយក៏ត្រូវលើកយកបញ្ហាជម្លោះនៅ សមុទ្រចិនខាងត្បូងនេះ រវាងចិន និង បណ្តាប្រទេសអាស៊ានចំនួន ដាក់ទៅក្នុងឯកសារដែរ ឬយ៉ាងណានោះ។
ដោយឡែកសារព័ត៌មានអន្តរជាតិ និង អ្នកជំនាញការទូតនានា បានលើកឡើងបន្ទាប់ពីកិច្ច ប្រជុំនោះថា អាស៊ាន បានទទួលរងនូវការបាក់មុខ យ៉ាងធ្ងន់ធ្ងរលើបញ្ហានេះ។
មតិមួយចំនួន បានចោទប្រកាន់ទៅលើកម្ពុជាថា បានបដិសេធក្នុងសម្រេចនូវសេចក្តីថ្លែងការណ៍រួម ដែលនឹងត្រូវលើកយក បញ្ហាសមុទ្រចិនខាងត្បូង មកដោះស្រាយរួមនោះ ពីព្រោះតែប្រទេសនេះ “ឱនក្បាល” ទៅកាន់ចិន ដែលជាមិត្តស្និទ្ធស្នាលរបស់ខ្លួន និង ជាអ្នកដែល ផ្តល់នូវផលប្រយោជន៍ យ៉ាងសំខាន់ផងដែរ ហើយថែមទាំងថា កម្ពុជាបានគិតពីផលប្រយោជន៍ខ្លួនឯង ធំជាងសាមគ្គីភាពជាក្រុមនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានលើកឡើងថា ភាពបរាជ័យនៃការចេញ សេចក្តីថ្លែងការណ៍រួមមួយនោះ មិនបណ្តាលមកពី មិនយោគយល់គ្នានៅក្នុងសមាគមរបស់ខ្លួន ឬ មួយក៏ការអសមត្ថភាពដើម្បីក្នុងការស្វែងរក ដំណោះស្រាយសម្រាប់ភាគីទំាងអស់ ដែលស្ថិតនៅក្នុងបញ្ហានោះឡើយ។
ឆ្លើយតបចំពោះការចោទប្រកាន់នោះ កម្ពុជាបានស្តីបន្ទោសទៅលើ ភាពរឹងរូសរបស់ហ្វីលីពីន ដែលបានលើកឡើងអំពី ការប្រឈមមុខដាក់គ្នា រវាងររដ្ឋាភិបាលក្រុង ម៉ានីល និង ប៉េកាំង នៅ តំបន់ ស្កាបូរ៉ាស សូល ស្ថិតនៅដែនសមុទ្រចិនខាងត្បូងនោះ ហើយនឹងផ្អែកទៅលើឯកសារដែល វៀតណាមបានអំពាវនាវ ឲ្យមានការលើកឡើងពីសារសំខាន់ នៃការគោរពដល់សិទ្ធិ និង យុត្តាធិការរបស់ប្រទេសតូចតាច ដូចជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង ថ្នាក់នៃឧបទ្វីបរបស់ខ្លួន នៅសមុទ្រចិនខាងត្បូងនោះ។
លោកឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង បានពន្យល់ពីមូលហេតុ នៃការទទួលបរាជ័យខាងលើនេះថា “ខ្ញុំឈរលើទស្សនថា យើងមិនត្រូវដាក់សេចក្តីថ្លែងការណ៍រួមនេះ ជាឈ្លើយនៃជម្លោះទ្វេរភាគីរវាងបណ្តាប្រទេសអាស៊ាន និង ប្រទេសមួយផ្សេង ទៀតនៅក្នុងតំបន់នោះទេ។”
បើតាមទស្សនរបស់កម្ពុជា ការបន្ទន់ខ្លួនទៅតាមការ ទាមទារបស់សមាជិកអាស៊ាន គឺមានន័យថា កម្ពុជាកាន់ទៅលើភាគីណាមួយ ក្នុងជម្លោះទេ្វភាគី ដែលកំពុងតែប្រឈមមុខដាក់គ្នា ជាមួយនឹងសម្ព័ន្ធមិត្ត ដ៏ស្អិតរមួតរបស់ខ្លួន គឺចិន ដោយចិនពិតជាមិនចង់ឲ្យ ជម្លោះដែនដីនេះ យកទៅដោះស្រាយ ជាពហុភាគីនោះទេ។
អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសរសេរនូវចំណាប់អារម្មណ៍របស់ខ្លួន ដែលបានចេញផ្សាយនៅក្នុងកាសែត ណេសិន របស់ថៃថា “ក្នុងនាមជាប្រធានសមាគមអាស៊ាន កម្ពុជាបានព្យាយាមយ៉ាងខ្លាំង ក្នុងការកសាងនូវមតិរួម ទៅលើអ្វីដែនមិនមែនជាបញ្ហារួមគ្នាផងនោះ ហើយនៅពេលដែលវា មិនមាននូវមតិរួមគ្នានោះ កម្ពុជាចង់ឲ្យអស៊ានផ្តោតសំខាន់ទៅលើ ចំណុចណាខ្លះដែលយើង អាចសម្រេចកិច្ចព្រមព្រៀងលើវាបាន ជាជាងការខ្វែងយោបល់គ្នានោះ។”
កម្ពុជាបានឆ្លើយតប ចំពោះបញ្ហានេះទៀតថា ខ្លួនបានចូលរួមយ៉ាងសកម្ម ក្នុងការសម្រុះសម្រួលគ្នា នៅក្នុងកិច្ចប្រជុំ។ នៅក្នុងនោះ លោកស្រីអគ្គរាជទូតកម្ពុជា ប្រចាំនៅបាងកក បានឆ្លើយតបទៅកាន់អត្ថបទរិះគន់ របស់កាសែត ណេសិន ថា “តើកម្ពុជា គួរតែធ្វើបែបណា នៅ ពេលដែលសមាជិកពីរ របស់សមាគមអាស៊ាន បានធ្វើការសម្រេចចិត្ត នៅក្នុងការធ្វើតាមអ្វី ដែលមិនអាចបត់បែន ឬ ជាពេលដែលមិនអាច ចរចាគ្នាបាននោះ?”
ចំពោះការចោទប្រកាន់ដែលថា រដ្ឋាភិបាលក្រុងប៉េកាំង ស្ថិតនៅពីក្រោយខ្នងនៃការ ដាក់សំពាធទៅលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ដែលបង្អាក់ឆន្ទៈ នៅក្នុងការសម្រេចឲ្យបាននូវសេចក្តី ថ្លែងការណ៍រួមមួយនោះ អគ្គរាជទូតកម្ពុជាបានឆ្លើយតបថា “កម្ពុជា ជាជាតិសាសន៍មួយ ដែលមានអធិបតេយ្យភាព មិនបានឱនក្បាលទៅកាន់ ប្រទេសណានោះទេ។” ជាងនេះទៅទៀត ការនិយាយថា ចិនជាអ្នកនៅពីក្រោយការរារាំង របស់កម្ពុជានោះ គឺជាការប្រមាថមួយ។
បញ្ហាដែលមិនទាន់បាន ដោះស្រាយទាំងឡាយនោះ ត្រូវបានគេរំពឹងទុកថា នឹងលើកយកមកពិភាក្សាឡើងវិញ នៅកិច្ចប្រជុំកំពូលទាំងឡាយ ដែលនឹងឈានចូលមកដល់ ដែលភាគីចូលរួមទាំងអស់ មិនបានបោះបង់ចោលតួនាទីរបស់ខ្លួនទេ ចាប់តាំងពីខែកក្កដា មកនោះ។
តាមពិតទៅ ស្ថានការណ៍ទាំងឡាយនៅក្នុងតំបន់ពេលនេះ កាន់តែមានភាពក្តៅគគុក និងស្មុគស្មាញទៅហើយ ដោយឥឡូវនេះ ជម្លោះដែនកោះរវាងជប៉ុន និង ចិន ក្នុងសមុទ្រចិនខាងកើត កាន់តែកើនឡើង ព្រមជាមួយប្រទេសកូរ៉េខាងត្បូងថែមទៀត ដែលមានជម្លោះកោះជាមួយនឹង ប្រទេសជប៉ុននោះ។ ប្រទេសទាំងបីនេះ គឺជាអ្នកផ្តល់ជំនួយដ៏សំខាន់ មកដល់ប្រទេសកម្ពុជា និង ជាដៃគូអភិវឌ្ឍន៍ ដែលមិនអាចខ្វះបានផងដែរ៕
បញ្ជាក់៖ អត្តបទដើម ជាភាសាអង់គ្លេស ត្រូវបាននិពន្ធដោយ លោក ពុយ គា