Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការងារក្រោយ ប្រកាសសុពលភាព របស់ចៅសង្កាត់ ផ្សារថ្មីទី២

$
0
0

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ចៅសង្កាត់ផ្សារថ្មីទី២ បានប្រាប់អំពីការងារអភិវឌ្ឍន៍ក្រោយ ប្រកាសសុពលភាព នៅក្នុងមូលដ្ឋាន ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ចៅសង្កាត់ផ្សារថ្មីទី២ លោក មាស សុភាព បានឲ្យដឹងថា នៅក្នុងអាណត្តិទី៣ នេះ ក្រោមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការណែនាំរបស់ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងការបញ្ជាផ្ទាល់ របស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ សង្កាត់បានបង្ហើយការងារមួយចំនួនបាន ១០០ភាគរយ ដែល សល់ពីអាណត្តិមុន ក្នុងនោះរួមមាន បានធ្វើផ្លូវ ១៣ខ្សែ បាន១០០ភាគរយ ក្នុងនោះចាក់បេតុង បាន ១១ខ្សែ ចាក់ BST បាន ២ខ្សែ ស្មើនឹង១០០ភាគរយ ហើយដាក់ប្រព័ន្ធលូបានចំនួន៩០ ហើយសម្រាប់អាណត្តិថ្មីនេះ សង្កាត់ បានជួសជុលប្រព័ន្ធលូចាស់ចំនួន ១៣ខ្សែ ប្រវែង ២៥០០ម៉ែត្រ ដែលត្រូវចំណាយប្រាក់អស់ ២០លានរៀល ជា ប្រាក់បដិភាគរវាងប្រជាពលរដ្ឋ និងសាលាសង្កាត់ ហើយក៏បានដូរគំរបលូចាស់ ជួសជុលរ៉េហ្កែលលូចាស់ដាក់ រ៉េហ្កែល ថ្មីផងដែរ តាមរយៈលទ្ធផល ការងារអភិវឌ្ឍន៍ទាំងអស់នេះហើយ សង្កាត់បានទទួលរង្វាន់ពីសាលា រាជធានីភ្នំពេញ នូវរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង។

លោក មាស សុភាព បានបន្តទៀតថា ៤ខែនេះ ក្រោយប្រកាសសុពលភាព សង្កាត់បានរៀបចំរចនាសម័្ពន្ធទៅ តាមច្បាប់វិមជ្ឈការ បន្ទាប់មកក៏បានបើកវេទិកាសាធារណៈទៀងទាត់ ជារៀងរាល់ខែ ជាមួយប្រជាពលរដ្ឋ ក្នុង នោះប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យជួយដោះស្រាយរឿង សណ្តាប់ធ្នាប់ អានាម័យ បរិស្ថាន និងចំណតរថយន្ត អាជ្ញាធរក៏បានព្យាយាមដោះស្រាយ ក៏ព្រោះតែបញ្ហាសណ្តាបប់ធ្នាប់ មានលក្ខណៈស្មុគស្មាញបន្តិច ឃើញស្រាប់ ហើយ ចំណតរថយន្តធំៗ មាន៣ នៅក្នុងសង្កាត់ គឺចំណតរថយន្ត២៤ ខេត្ត-ក្រុង នៅផ្សារធំថ្មី ចំណតរថយន្ត ក្រុមហ៊ុនដឹកជញ្ជូនសូរិយា និងចំណងរថយន្តរបស់ក្រុមហ៊ុន GST តាមរយៈនេះដែរ ក្រុមប្រជាការពារក៏បាន មមាញឹក ក្នុងការរៀបចំសណ្តាប់ធ្នាប់ តាមទីតាំងទំាងនោះ ជាពិសេសនៅផ្សារធំថ្មី និងផ្សារសូរិយា, ចំពោះបញ្ហា សំរាមវិញ សង្កាត់ក៏បានទាក់ទងក្រុមហ៊ុនស៊ិនទ្រី ឲ្យមកដឹកយមចេញឲ្យបានទាន់ពេលវេលា ប្រសិនបើទុកយូរ វាអាចនឹងមានការស្ទះចរាចរណ៍ នៅចំណុចខ្លះ ដូចជានៅផ្សារថ្មី ផ្សារសូរិយា និងផ្លូវលេខ១១៤ ជាដើម។

លោក បន្តថា ឆ្លើយតបនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព កម្លាំងប្រជាការពារ ១០នាក់ បានធ្វើការ សហការជាមួយកម្លាំង នគរបាលដើរល្បាត តាមគោលដៅសំខាន់ៗ ដើម្បីលុបបំបាត់រាល់ភាពអសកម្មនៅក្នុង មូលដ្ឋាន ពោលគឺ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ដោយគ្មានក្តីកង្វល់ ជាក់ស្តែងបទល្មើសមានការថយចុះគួរឲ្យកត់ សម្គាល់ លើកលែងតែបទល្មើសលួចតូចតាចប៉ុណ្ណោះ ដែលនៅមានបន្តិចបន្តួច រឿងក្មេងទំនើង និងអំពើហិង្សា ក៏សឹងតែគ្មាននោះដែរ។ តាមរយៈគោលនយោបាយនេះ អាជ្ញាធរក៏បានណែនាំដល់ខាងម្ចាស់ផ្ទះសំណាក់ និង សណ្ឋាគារ ឲ្យរាយការណ៍ជូនសមត្ថកិច្ច និងបញ្ជូនឯកសារមកសង្កាត់ អំពើចំនួនអ្នកចូលមកស្នាក់នៅ ជារៀង រាល់ព្រឹក គោលបំណង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចៅសង្កាត់ផ្សារថ្មីទី២ ក៏បន្តទៀតថា សង្កាត់ក៏បានជួយក្នុងការងារមនុស្សធម៌ផងដែរ តួយ៉ាង បានជួយដល់កុមារ ជួបការលំបាក ជនអនាថា អ្នកគ្មានទីពឹង គ្មានជម្រក ក្មេងកំព្រាម្តាយស្លាប់ដោយសារជំងឺអេដស៍ ហើយពិសេស នោះ គឺក្មេងក្រីក្រ គ្មានលទ្ធភាពចូលសាលារៀន ចំពោះសពអ្នកគ្មានទីពឹង ទីទ័លក្រ សង្កាត់ក៏បានបង្កើតចលនា ប្រជាជនក្នុងការរៃអង្គាសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើបុណ្យ ក៏ដូចជាបូជាសពម្តង ៣លាន ឬ៣លាន ជាង។

ចៅសង្កាត់ផ្សារថ្មីទី២ លោក មាស សុភាព ក៏បានឲ្យដឹងអំពីផែនការដែលនឹងត្រូវអនុវត្តន៍បន្ត រួមមាន រៀបចំ គម្រោងផែនការ អភិវឌ្ឍន៍មូលដ្ឋាន ដោយបានស្នើសុំ ទៅសាលារាជធានីភ្នំពេញ នូវទឹកប្រាក់ ៧១.១៩៦.០០០ រៀល ក្នុងនោះមានការចូលរួម ពីប្រជាពលរដ្ឋចំនួន ១០ភាគរយ ស្មើនឹង ៧.១១៩.៦០០រៀល សង្កាត់ក៏មាន ផែនការដាក់ប្រព័ន្ធលូថ្មីទាំងអស់ នៅបណ្តោយផ្លូវលេខ ១២០, ៨១ និងផ្លូវលេខ ១៣៦ ដោយដាក់លូកាត់ទទឹង ទំហំយ៉ាងតូច ៦តឹក និងបន្តធ្វើការជួសជុល និងថែទាំហេដ្ឋារចនាសម័្ពន្ធដែលមានស្រាប់ រួមទាំងបង្កើនការល្បាត ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់មូលដ្ឋាន និងបន្តធ្វើការអភិវឌ្ឍន៍ភូមិឋានឲ្យមានភាពរីកចំរើន ប្រកបដោយ ភាពសុខដុមរមនា ឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានកង្វល់។

លោក មាស សុភាព បម្រើការងារជាចៅសង្កាត់ផ្សារថ្មីទី២ តាំងពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ននេះ នៅឆ្នាំ ២០០២ ដល់ឆ្នាំ២០០៦ លោកជាសមាជិក ក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី២ ហើយពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២ លោកជាចៅសង្កាត់រងទី១ នៃសង្កាត់ផ្សារថ្មីទី២ ។

សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបញ្ចប់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា ក្នុងរាជធានីភ្នំពេញ ចៅសង្កាត់ដែលបានប្រកាសសុពលភាព ចំនួន ៩៦រូប គឺសុទ្ធសឹងតែ ជាចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទំាងអស់ សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី២ មានគណបក្សចំនួន៣ ប្រកួតប្រជែង ដណ្តើមអាសនៈចំនួន៧ គឺគណបក្ស ប្រជាជនកម្ពុជា គណបក្ស សម រង្ស៉ី និងនរោត្តម រណឬទ្ធិ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២១០៣ សំឡេង ស្មើនឹង ៥កៅអី គណបក្ស សម រង្ស៉ី ទទួលបាន ៩៥៤សំឡេង ស្មើនឹង ២កៅអី ឯគណបក្ស នរោត្តម រណឬទ្ធិ ទទួលបាន ៤១សំឡេង ពុំបានកៅអីនោះទេ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles