កំពង់ឆ្នាំង ៖ អ្នករកស៊ីម៉ៅការលើគម្រោងមូលនិធិឃុំ ក្នុងស្រុករលាប្អៀរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៩និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ បានបើកកិច្ចប្រជុំដាក់ឲ្យដេញថ្លៃទៅលើ គម្រោងមូលនិធិឃុំ ដែលមានការចូលរួមដេញថ្លៃពីសំណាក់ ក្រុមហ៊ុនប្រមាណជា ២០ក្រុមហ៊ុន។
ការដាក់ឲ្យដេញថ្លៃខាងលើនេះ ត្រូវបានគេរាយការណ៍ថា មិនមានភាពត្រឹមត្រូវ ដោយសារតែការដេញថ្លៃខាង លើនេះ មានតែក្រុមហ៊ុនចំនួន ៣ តែប៉ុណ្ណោះ បានចូលដេញថ្លៃ ហើយទទួលយកការអភិវឌ្ឍឃុំនានា ក្នុងស្រុក រលាប្អៀរ។ បញ្ហាខាងលើនេះ ធ្វើឲ្យក្រុមហ៊ុនអ្នករកស៊ីម៉ៅការផ្សេងៗទៀត ដែលមានឈ្មោះក្នុងបញ្ជីចូលដេញថ្លៃ លើគម្រោងមូលនិធិខាងលើយល់ថា មានភាពមិនប្រក្រតី ពីព្រោះពួកគេត្រូវបានកាត់ ចេញពីការដេញថ្លៃ។
ករណីខាងលើនេះ អភិបាលស្រុករលាប្អៀរ លោក ឈឹម វុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ឲ្យដឹងថា ក្នុងស្រុករលាប្អៀរ ការចូលដេញថ្លៃលើ គម្រោងមូល និធិឃុំ មានក្រុមហ៊ុនប្រមាណជា ១០ ដោយឃុំខ្លះមានក្រុមហ៊ុនចូលដេញថ្លៃចំនួន ៦ និង ឃុំខ្លះទៀត មាន ក្រុមហ៊ុនចូលដេញថ្លៃចំនួន ៤ គឺទៅតាមឃុំតូច ឬធំ ហើយក្រុមហ៊ុនដែលទទួលបាន ការអភិវឌ្ឍនៅលើគម្រោង មូលនិធិ ខាងលើនេះ មានក្រុមហ៊ុនចំនួន ៣ ទី១-ក្រុមហ៊ុន ទត ជួន នៅខេត្តកំពង់ឆ្នាំង ទី២-ក្រុមហ៊ុន អៀ គឹមឡុង និងទី៣-ក្រុមហ៊ុន អ៊ូ គឹមសេង ក្រុមហ៊ុន ទាំងពីរមកពី ខេត្តកំពង់ចាម។
អភិបាលស្រុករូបនេះ បានបញ្ជាក់ថា ការចូលមកដេញថ្លៃការអភិវឌ្ឍឃុំ ក្នុងស្រុករលាប្អៀរ បានធ្វើឡើង ទៅតាម លក្ខណៈបូរីវិនិច្ឆ័យមិនប្រកាន់ថា ក្រុមហ៊ុនមកពីណា នៅឯណានោះទេ លោកបញ្ជាក់ថា ក្រុមហ៊ុនខ្លះមានតែ ឈ្មោះដេញថ្លៃបាន ហើយលក់បន្តឲ្យទៅអ្នកផ្សេង។ សម្រាប់ក្រុមហ៊ុនមួយចំនួន បើយល់ថា ការដេញថ្លៃខាងលើ មានភាពមិនប្រក្រតី សូមដាក់ការតវ៉ាលាយលក្ខណ៍អក្សរទៅកាន់ គណៈកម្មាធិការវិនិច្ឆ័យថ្នាក់ខេត្ត ដោយបើក ផ្លូវការតវ៉ារយៈពេល ៧ថ្ងៃ។ ក្រុមហ៊ុនដែលទទួលដេញថ្លៃ បាន មិនសន្មត់ថាបានចុះអនុវត្តន៍ភ្លាមៗនោះទេ គឺ ទុករយៈពេល ៧ថ្ងៃ ទើបចុះកិច្ចសន្យា ដើម្បីអភិវឌ្ឍន៍ ទៅលើគម្រោងមូលនិធិនេះ។
បើទោះជាយ៉ាងណា សេចក្តីរាយការណ៍ខាងលើ បានអះអាងថា ក្រុមហ៊ុន ដែលដេញថ្លៃបាន គឺដោយសារ ក្រុមហ៊ុននោះ បានប្តូរសំណើដេញថ្លៃទាបចេញ ដាក់សំណើដេញថ្លៃខ្ពស់ ចូល ដែលពួកគេសង្ស័យថា បានផ្តល់ ផលប្រយោជន៍យ៉ាងច្រើន ទៅគណៈកម្មការដេញថ្លៃថ្នាក់ស្រុក។ ក្រុមហ៊ុនដែលមិនទទួលបានការចូលរួមការ អភិវឌ្ឍគម្រោងមូលនិធិក្នុងឃុំនានា សំណូមពរសុំឲ្យ គណៈកម្មាធិការវិនិច្ឆ័យថ្នាក់ជាតិ ធ្វើការរៀបចំឲ្យមាន ការដាក់ដេញថ្លៃសារជាថ្មីឡើងវិញ៕