ខេត្តព្រះសីហនុៈ ឧត្តមនាវីទោ ទៀ សុខា មេបញ្ជាររងកងទ័ពជើងទឹក និងជាមេបញ្ជារការជូរមុខ នៃគណៈកម្ម ការជាតិសន្តិសុខលំហរសមុទ្រ និងជាប្រធានចលនាយុវជនកម្ពុជាលេខ ១៥៧ សាខាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២នេះ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត មេបញ្ជាការរងកង ទ័ពជើងគោក និងជាប្រធានកិត្តិយសចលនាយុវជនកម្ពុជា ទៅចែកជូនដល់មណ្ឌលកុមារកំព្រា ខេត្តព្រះសីហនុ ដែលមានកុមារចំនួន ១៦៣នាក់។
អំណោយសប្បុរធម៌ ដែលរួមមាន អង្ករចំនួនមួយតោន មីយើង ២០កេស ទឹកស៊ីអ៊ីវ ១០យួរ .ទឹកត្រី ១០យួរ ត្រីខ ៥កេស ស្ករស ៥០គីឡូក្រាម ប្រេងឆា ៣០លីត្រ និងថវិកាចំនួន១លានរៀល។
ជាមួយនឹងការពាំនាំ នូវអំណោយដ៏វិសេសវិសាលនេះ ឧត្តមនាវីទោ ទៀ សុខា បានមានប្រសាសន៍ថា ថ្វីត្បិតតែ អំណោយនេះ មានលក្ខណៈបន្តិចបន្តូចក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្តរបស់ ចលនាយុវជនកម្ពុជាលេខ ១៥៧ ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ហើយក៏ជាទឹក ចិត្តរបស់កូនខ្មែរជួយគ្នានោះដែរ។
យោងតាមអនុប្រធានមន្ទីរសង្គមកិច្ច និងជាប្រធានបុរីកុមារកំព្រា ខេត្តព្រះសីហនុ អ្នកស្រី ហេង សំអឿន បានឲ្យ ដឹងថា កុមារកំព្រាដែលកំពុងរស់នៅបច្ចុប្បន្ននេះ មានចំនួន ១៦៣នាក់ ក្នុងនោះមានស្រី ៨១នាក់ និងប្រុស ៨២នាក់ ដោយមានបុគ្គលិក និងលោកគ្រូ អ្នកគ្រូ ១៥នាក់ ដែលកំពុងបម្រើ និងបង្រៀនដល់ពួកគេ។
អ្នកស្រី ហេង សំអឿន បានបន្តថា បុរីនេះបានកកើតតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ដែលរស់ក្រោមការឧបត្ថម្ភពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ SPK របស់ជនជាតិបារាំង។ ខណៈនោះដែរ ឧត្តមនាវីទោ ទៀ សុខា ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួន ចែកជូនដល់កុមារកំព្រាទាំង ១៦៣នាក់ ផងដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១ម៉ឺនរៀល និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕