ឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ទោះបីជាក្រុមអាវលឿងថៃ មកចង់យាយីទាមទារឲ្យកងទ័ពកម្ពុជា ដកថយចេញពី ចំណុចបង្គោលព្រំដែនលេខ១៧ យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរ មិនរាថយជាដាច់ខាត ទោះក្នុងកាលៈទេសៈបែបណាក្តី។
លោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ថា ក្រុម ប្រឆាំងអាវលឿងថៃរាប់រយនាក់ បានព្យាយាមមកកាន់តំបន់ព្រំដែនកម្ពុជា ត្រង់ចំណុចបង្គោលលេខ ១៧ នៅក្រុងសំរោងទង ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងឲ្យកងទ័ពកម្ពុជា ធ្វើការដកថយចេញពីចំណុច ដែលពួកគេកំពុងតែឈរយាមល្បាត ការពារសន្តិសុខ មិនឲ្យមានបញ្ហាអ្វីកើត មានឡើងនោះ ប៉ុន្តែកម្ពុជានៅតែប្រកាន់ជំហរដដែល មិនធ្វើការរាថយជាដាច់ខាត។
លោកបន្តថា “មកដល់ពេលនេះ មិនមានសភាពអ្វីប្រែប្រួល នៅបណ្តោយព្រំដែនទេ គឺកម្លាំងរបស់យើងនៅដដែល អត់មានដកថយ ទៅណានោះទេ ហើយចំពោះបញ្ហានេះ គឺជារឿងផ្ទៃក្នុងរបស់ប្រទេសថៃ។ គេ ដោះស្រាយយ៉ាងម៉េច ជារឿងរបស់គេទេ”។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមប្រឆាំងអាវលឿងជាច្រើនរយនាក់ បាននាំគ្នាមកកាន់បង្គោលព្រំដែនលេខ១៧ ដែលជា កន្លែងឈមគ្នា រវាងសង្កាត់កូនក្រៀល ក្រុងសំរោងទង ខេត្តឧត្តរមានជ័យ ហើយភាគីថៃនៅស្រុកកាប់ជើង ខេត្តសូរិន្ទ ប៉ុន្តែក្នុងអំឡុងពេល ដែល ពួកគេមកនេះ ត្រូវបានទាហានរបស់ភាគីថៃ ចេញមកអន្តរាគមន៍ រារាំងពួកគេមិនឲ្យរំខាន់ដល់ភាគីកម្ពុជា ហើយក៏បានបណ្តេញ ត្រលប់ទៅវិញ អស់ទៅ៕