ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បាននឹងកំពុង តាមស្វែង រកចាប់ខ្លួនសន្ដិសុខ ឯកជនរបស់ ក្រុមហ៊ុន LPSA ដែលបានធ្វើ សកម្មភាពគាស់ហាង លក់ទូរស័ព្ទដៃមួយ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៣១២E0 ផ្លូវព្រះមុនីវង្ស ភូមិទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយ សរុបជាទឹកប្រាក់ អស់ជាង៧ម៉ឺនដុល្លារ ក្នុង នោះរួមមានទូរស័ព្ទ កុំព្យូទ័រ ម៉ាស៊ីនថត និង លុយដុល្លារផងដែរ ។
មន្ដ្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ថា នៅវេលាម៉ោង កើតហេតុខាងលើ មាន ការភ្ញាក់ផ្អើល បន្ទាប់ ពីដឹងថា ជនសង្ស័យ ឈ្មោះវឿន សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនសន្ដិសុខ LPSA បាន ធ្វើសកម្មភាពកាត់សោ និងគាស់ចូលហាង លក់ទូរស័ព្ទដៃ ដែលខ្លួនយាមប្រចាំការយក អស់ទូរស័ព្ទ ដៃ ១៧២គ្រឿង កុំព្យូទ័រយួរដៃ ១០គ្រឿង ម៉ាស៊ីនថត ៤គ្រឿង និងលុយ ដុល្លារ ៥៦០០ដុល្លារ សរុបជា ទឹក ប្រាក់អស់ ជាង៧ម៉ឺនដុល្លារ ។
សមត្ថកិច្ចបានបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ប្រធានក្រុម ហ៊ុន ថាណាថន ងួងតុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន បានទទួលទូរស័ព្ទ ពីឈ្មោះឱ ណែត ភេទស្រី អាយុ៣៣ឆ្នាំ ជាបុគ្គលិក ផ្នែកអនាម័យថា មានប្ដូរ សោទ្វារឬទេ ពីព្រោះមានដែកគាស់នៅក្បែរនោះ ។ ភ្លាមៗនោះជនរងគ្រោះ ជាប្រធានក្រុម ហ៊ុនបានធ្វើ ដំណើរ មកដល់ ឃើញ មេសោ ខុសប្រក្រតី ហើយមានមេសោថ្មី កឹបនៅ ជាប់ទ្វារក្រុម ហ៊ុន ក៏ប្ដឹងទៅ សមត្ថកិច្ច ហើយពេលសមត្ថកិច្ចចុះមកអន្ដរាគមន៍ ទើបដឹងថា សន្ដិសុខខាងលើ ដែលមានស្រុក កំណើត នៅ ក្រុមទី១០ ភូមិស្ដុកប្រវឹក ឃុំ ព្រែកត្រឡាច ស្រុកមោងឫស្សី ខេត្ដបាត់ ដំបង ជាអ្នកធ្វើសកម្មភាព គាស់ យកទ្រព្យសមត្ដិ សរុបជាទឹកប្រាក់ចំនួន៧៣២៩៨ដុល្លារ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមនិងស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះ ៕