ភ្នំពេញ៖ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៣ថា បច្ចុប្បន្នកម្ពុជា កំពុងជួបវិបត្តិកង្វះក្រុមកំប្លែង និងពិធីករ-ពិធីការិនី រួមទាំងក្រុមភ្លេង នៅក្នុងពិធី មង្គលការ និងពិធីផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅ ក្នុងពិធីចែក សញ្ញាប័ត្រ ដល់និស្សិត ជ័យលាភី របស់វិទ្យាស្ថានវ៉ាន់ដា ចំនួន៣.១៧៤នាក់ នៅមជ្ឈមណ្ឌល កោះពេជ្យ ថា ក្នុងមួយថ្ងៃៗ គ្រប់ស្ថានីយទូរទស្សន៍ ជួលកាល គេធ្វើការប្រគុំតន្រ្តីផ្សាយបន្តផ្ទាល់ សឹងតែគ្រប់ទូរទស្សន៍។
សម្តេចបន្តថា “ឥឡូវហ្នឹង! បណ្តុះបណ្តាលអត់ទាន់ទេក្រុមកំប្លែងហ្នឹង ជួនកាលមើលក្រុមកំប្លែង មួយនៅ កំពុងតែលេងនៅទូរទស្សន៍នោះ ២០នាទីក្រោយឃើញមុខនៅទូរទស្សន៍នេះ ចល័តរហូតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អ្នកចម្រៀងក៏ដូចគ្នាដែរតិចឃើញនៅប៉ុស្តិ៍នេះ តិចឃើញនៅប៉ុស្តិ៍នោះ ប៉ុន្តែបើកុំមានអាហ្នឹងសួថាសិល្បករ សិល្បៈការិនីគ្នាទៅធ្វើអី”។
សម្តេច បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ក៏ជួបនូវវិបត្តិក្រុមកាត់សក់ វិបត្តិផ្នួងការ និងវិបត្តិអ្នកធ្វើសក់ផងដែរ ដោយ មួយថ្ងៃៗមានពិធីមង្គលការច្រើនពេក ព្រោះអីអ្នកធ្វើសក់គ្មានច្រើនប៉ុន្មានទេ អីចឹងទេធ្វើតកន្ទុយគ្នា"។
សម្តេចបាន មានប្រសាសន៍រំលឹកថា កាលពីពេលកន្លងទៅ យើងបានជួបវិបត្តិកង្វះអាចារ្យ ហើយវិបត្តិអាចារ្យនេះ ព្រោះតែអ្នកមានលុយគេធ្វើបុណ្យច្រើន ប៉ុន្តែរដ្ឋាភិបាល ឲ្យក្រសួងធម្មការ និងសាសនាដោះស្រាយ ដោយរៀបចំ វគ្គបណ្តុះបណ្តាល ហើយសម្តេចក៏បានជួបក្រុមអាចារ្យម្តងហើយដែរ ហើយបច្ទុប្បន្នយើងកំពុងធ្វើការបណ្តុះ បណ្តាលអាចារ្យបន្ថែមទៀត៕