កំពង់ចាមៈ ឈើអារ មួយរថយន្តយីឌុប គ្មានស្លាកលេខ បានទម្លាក់ឈើនៅចំណុចដីឡូតិ៍មួយកន្លែងស្ថិត ក្នុងភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលា ម៉ោង៨និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ហើយការដឹកឈើ១ រថយន្តនោះយកមកទម្លាក់ នៅចំណុចដូចខាងលើ ត្រូវបានប្រភពអះអាងថា មានច្បាប់អនុញ្ញាត ឲ្យដឹកតែ១៣ម៉ែត្រគូប តែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង ឈើនៅលើរថយន្តអត់ស្លាកលេខ នោះ មិនតិចជាង៤០ម៉ែត្រ គូបនោះទេ។
ប្រភពដែលគួរឲ្យទុកចិត្ត បានប្រាប់ឲ្យដឹងថា នៅវេលាដូចខាងលើ គេបានឃើញរថយន្តយីឌុបមួយគ្រឿង នោះ បានចតក្នុងដីឡូតិ៍នោះ ហើយបានលើកឈើទម្លាក់ដាក់ក្នុងដីឡូតី ។ប៉ុន្តែក្រោយពីមានការសាកសួរ ពីអ្នក យកព័ត៌មាន ម្ចាស់ឈើនោះ បានយកឯកសារមកបង្ហាញ ដែលក្នុងឯកសារ បានអនុញ្ញាត ឲ្យដឹកឈើតែ ចំនួន១៣ម៉ែត្រគូបតែប៉ុណ្ណោះ ។ប្រភពបានបញ្ជាក់ថា ប៉ុន្តែជាក់ស្តែង ឈើដែលនៅ លើរថយន្តគ្មានស្លាក លេខ នោះ អាចមិនតិចជាង៤០ម៉ែត្រគូបនោះទេ។ហើយក្រោយពីមានការសួរនាំគេ បានឃើញរថយន្តដឹកឈើ បើកចេញក្រៅ បាត់មួយសន្ទុះ រហូតដល់ម៉ោង១០ថ្ងៃ ដដែល ទើបឃើញរថយន្ត នោះបើកមកទម្លាក់ សារជាថ្មី។ហើយឈើទាំងអស់នោះគេបានដឹងថា ដឹកមកពីខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ផងដែរថា ក្នុងពេលទម្លាក់ឈើនោះ មានបុរសម្នាក់មិនប្រាប់ឈ្មោះ នៅចាំមើលកន្លែងទម្លាក់ឈើ បានប្រាប់អ្នកយកព័ត៌មានថា ឈើមានច្បាប់ តែទោះជាយ៉ាងណាក្តី បុរសម្នាក់នោះមិន បានបង្ហាញ ឯកសារច្បាប់ដឹកឈើនោះទេ ដោយគ្រាន់តែនិយាយថា មានមន្ត្រីរដ្ឋបាលព្រៃឈើ មកពិនិត្យរួចហើយ ។
ទាក់ទិនទៅនិងករណីខាងលើនេះ លោក ទឹម សុខុម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកំពង់សៀម .ស្រុ កចម្ការលើ .ក្រុងកំពង់ចាម មិនអាចសុំការបំភ្លឺបានទេ នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៣ ដោយទូរស័ព្ទហៅចូលជាច្រើនលើក តែគ្មានអ្នកទទួល៕