សៀមរាប : អគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ ដែលជាអំណោយរបស់សប្បុរសជប៉ុន គឺ លោក តូម៉ូយ៉ា តាជីរ៉ូ (TOMOYA TACHIRO) ដែលជា សមាជិកនៃសមាគម GOCHI KAI ពីប្រទេសជប៉ុន នៅពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅសាលាបឋមសិក្សា ហ៊ុន សែន រោងគោ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្ដសៀមរាប។
ពិធីនេះ ស្ថិតក្រោមវត្តមានរបស់ លោក ហ៊ុន ម៉ានី តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមជាអធិបតី ពី លោក សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប លោកបណ្ឌិត លី ស៊ីណា ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន។ ក្នុងនោះក៏បានជួបសំណេះសំណាល់ ជាមួយប្រជាពលរដ្ឋ ជាង ១ពាន់គ្រួសារ ផងដែរ។
លោក សៀង ណាំ បានឲ្យដឹងថា អគារសិក្សាថ្មី ដែលជាអំណោយរបស់សប្បុរសជនជប៉ុន ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន រោងគោ នេះនឹង ត្រូវបង្កើតឲ្យទៅជាអនុវិទ្យាល័យរោងគោ ដើម្បីឲ្យក្មួយៗ សិក្សានុសិស្ស អាចបន្តការសិក្សា មិនពិបាក ធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ ទៀតទេ។ អគារសិក្សានេះ នឹងសាងសង់ឲ្យហើយ ក្នុងរយៈពេល៣ខែខាងមុខទៀត។
លោក បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗសប្បុរសជនជប៉ុន បានមកទស្សនាប្រទេសកម្ពុជា ជាច្រើន ហើយពួកគេក៏បានជួយអាគារសិក្សា និងអណ្តូងទឹក ជាច្រើនផងដែរ តាមការអំពាវនាវរបស់ លោកផ្ទាល់ សម្រាប់ជួយដល់ប្រជាជនខេត្ដសៀមរាប ដែលរស់នៅតំបន់ដាច់ស្រយាល ជាពិសេស គឺផ្តល់ ឱកាសសម្រាប់ជួយដល់ក្មួយៗ សិស្សានុសិស្ស ដែលគ្មានលទ្ធភាព បន្តការសិក្សានៅ សាលាឆ្ងាយពីគ្រួសារ ហើយចង់បន្តការសិក្សាឲ្យវែងឆ្ងាយ បានចូលរៀនសូត្រមានចំណេះដឹងគ្រប់ៗ គ្នាផងដែរ។
លោក ហ៊ុន ម៉ានី បានចាត់ទុកថា អំណោយអគារសិក្សាថ្មី របស់ជនជាតិជប៉ុន ដែលកំពុង សាងសង់នេះ មានតម្លៃយ៉ាងធំធេងណាស់ សម្រាប់ជួយ បណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោម ការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកស្ទួយវិស័យសិក្សា អប់រំ នៅកម្ពុជា ឲ្យមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹង និងចំណេះធ្វើសម្រាប់ ជំរុញ ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមជាតិ ឲ្យមានការរីកចម្រើន។
ដោយឡែក នៅថ្ងៃដដែលនោះ លោក និងអ្នកអមដំណើរ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណោះសំណាល ជាមួយប្រជាពលរដ្ឋក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ផងដែរ។ ក្នុងពិធីសំណេះសំណាល់ លោក សៀង ណាំ បានមានប្រសាសន៏ពាំនាំ នូវការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ទាំងអស់ ពីសំណាក់ សម្តេច ទាំង៣ ដែលជាប្រមុខដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជាដែលជានិច្ចកាលសម្តេចទាំង ៣តែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោកបន្តថា បច្ជុប្បន្ន ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន គ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្រ្ត ភ្លើងអគ្គិសនី ជាដើម។ ហើយដើម្បីកាត់បន្ថយបាននូវការលំបាករបស់ ប្រជាពលរដ្ឋថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាស កាត់ឡូត៍នេសាទទាំងអស់ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ធ្វើនេសាទតាមលគ្ខណៈគ្រួសារថែមទៀត និងបានដាក់ចេញ បទបញ្ជារ ឲ្យខេត្ត រាជធានី ទូរទាំងប្រទេស ចុះដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋឲ្យមានសិទ្ធិ កាន់កាប់ដី ស្របច្បាប់ ថែមទៀតផង។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេច និងលោកជំទាវតែងនឹករលឹក និងគិតគូរ ដល់ប្រជាពលរដ្ឋជានិច្ច។ ហើយបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ណាស់ ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាជន ឲ្យកាន់តែធូរធារ។ ជាមួយគ្នានោះដែរ ក៏បានខឹតខំដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាជន គ្រប់ទីកន្លែង។ ដូចជានៅស្រុកក្រឡាញ់ គឺមានសមិទ្ធិផលជាច្រើនដូចជា ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦៨ មានផ្លូវក្រាលគ្រួសក្រហមខ្វាតខ្វែង មានសាលារៀន អណ្ដូងទឹក មានមន្ទីរពេទ្យ និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនោះ និងតាមការស្នើសុំ របស់ប្រជាពលរដ្ឋឃុំរោងគោ លោក ហ៊ុន ម៉ានី បានទទួលជួសជុលកំណាត់ផ្លូវមួយខ្សែ ដែលមានប្រវែង ៤.៦០០ម៉ែត្រ ផ្លូវនោះ បានរងខូចខាត ហើយលោកក៏បានផ្ដល់ជូន តាមសំណើរដែលស្នើសុំ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ដែលចូលរួមមានចំនួន ១.០៧០គ្រួសារ ត្រូវបានលោក ហ៊ុន ម៉ានី និងលោក សៀង បានចែកជូន វត្ថុអនុស្សាវរីយ៍មួយកញ្ចប់ក្នុងមួយគ្រូសារ ដែលក្នុងនោះមាន សារុង១ មី២កញ្ចប់ ទឹកក្រូច១កំប៉ុង និងទឹកសុទ្ធ ១ដប និងឧបត្ថម្ភកម្មវិធី ១លាន ៥សែនរៀល និងសមត្ថកិច្ចចំនួន ៤០ ម៉ឺនរៀលផងដែរ៕