Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការពាក់មួក សុវត្ថិភាព ពិតជាចាំបាច់ ទោះធ្វើដំណើរជិត ពេលជិះយឺត ឬអ្នករួមដំណើរ តាមទោចក្រយានយន្ត នោះជាកុមារក៏ដោយ

$
0
0

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ លោក ពៅ ម៉ាលី អគ្គលេខាធិការរង គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួម ជាអធិបតីនៅក្នុងពិធី ផ្តល់អំណោយ មូកសុវត្ថិភាពចំនួន ១ ២៤១មួក ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា គគីរ ដែលសហការរៀបចំ ឡើងដោយអង្គការមូលនិធិ បង្ការរបួស អាស៊ី គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការឧបត្ថម្ភ គាំទ្រពីមូលនិធិ ក្រុមហ៊ុន យូភីអេស (UPS)។

ចូលរួមក្នុងពិធីនេះ រួមមាន លោកឧត្តមសេនីយ៍ទោ គីម យីដេត អនុប្រធាននាយកដ្ឋាន កណ្តាលសណ្តាប់ធ្នាប់ សាធារណៈនៃក្រសួងមហាផ្ទៃ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា លោក លី ជុងថេង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងមានការចូលរួម ពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្តកណ្តាល ស្រុកកៀនស្វាយ ឃុំគគីរ ដៃគូពាក់ព័ន្ធ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជិត ១ ៤០០នាក់។

នៅក្នុងឱកាសចូលរួម ក្នុងពិធីនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួស អាស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការពាក់មួកសុវត្ថិភាព ពិតជាចាំបាច់សម្រាប់ អ្នកធ្វើដំណើរតាម ទោចក្រយានយន្ត ទោះបីធ្វើដំណើរជិត ពេលជិះយឺត ឬជាកុមារក៏ដោយ។ កុមារក៏ជាអ្នកប្រើប្រាស់ ផ្លូវប្រឈមនឹងគ្រោះថ្នាក់ ចរាចរណ៍ខ្ពស់ដែរ។ លោកបន្ថែមទៀតថា ទន្ទឹមនឹងការខិតខំ អនុវត្តសកម្មភាពលើក កម្ពស់ការពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្ត នៅកម្ពុជាដែលជាមនុស្ស ពេញវ័យជាច្រើនឆ្នាំ អង្គការមូល  និធិបង្ការរបួស អាស៊ីបានអនុវត្តកម្មវិធី មួកសុវត្ថិភាពសម្រាប់កុមារ នៅតាមសាលាបឋមសិក្សា មួយចំនួនដែលប្រឈម នឹងគ្រោះថ្នាក់ ចរាចរណ៍ខ្ពស់ សំដៅរួមចំណែក កសាងទម្លាប់របស់ កុមារអំពីការពាក់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងពង្រឹង និងពង្រីកចំណេះដឹង និងសមត្ថភាព របស់កុមារទាំងឡាយ ឲ្យក្លាយជាអ្នកប្រើប្រាស់ ផ្លូវកាន់តែមានសុវត្ថិភាព នាពេលអនាគត។

ដោយស្ថិតនៅជាប់ ផ្លូវជាតិលេខ១ ហើយមានទោចក្រយានយន្ត រថយន្តធុនតូចរថយន្តដឹក ជញ្ជូនអ្នកដំណើរ និងរថយន្តដឹកទំនិញជាច្រើន ធ្វើដំណើរតាមដងផ្លូវនេះ មិនចេះដាច់ជាមួយ នឹងល្បឿនលឿនធ្វើ ឲ្យដងផ្លូវទៅសាលារៀន របស់សិស្សានុសិស្ស សាលាបឋមសិក្សា គគីរប្រឈមនឹងគ្រោះថ្នាក់ ចរាចរណ៍យ៉ាងខ្លាំង។ លោកស្រី ញ៉ែម លី នាយិកាបឋមសិក្សា គគីរ បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៩មក គ្រោះថា្នក់ចរាចរណ៍ បានបណ្តាលឲ្យ សិស្សានុសិស្ស និងគណៈគ្រប់គ្រង សាលាបឋមសិក្សា គគីរ ចំនួន ៥នាក់ស្លាប់និង ៣នាក់រងរបួសធ្ងន់-សា្រល នៅពេលធ្វើដំណើរ ទៅមកសាលារៀន។

ក្នុងនោះក៏មានករណី គ្រោះថ្នាក់ចំនួន ១ករណី កើតឡើងលើអតីត នាយកសាលាកាល ពីឆាំ្ន២០០៩ បណ្តាលឲ្យលោក ទទួលមរណៈភាព។ លោកស្រីបាន បន្ថែមទៀតថា អំណោយមួកសុវតិ្ថភាព និងការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ ដែលសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ទទួលបានតាមរយៈ កម្មវិធីមួកសុវត្ថិភាព សម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្រៃលែងសម្រាប់ការពារ ការរងរបួសក្បាលធ្ងន់ធ្ងរ និងការសា្លប់ នៅពេលជួបគ្រោះថ្នាក់ ចរាចរណ៍។

យោងតាមរបាយការណ៍ នៃប្រព័ន្ធព័ត៌មាន ជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក  ឆ្នាំ២០១១ បង្ហាញថាក្នុងចំណោម អ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍សរុបចំនួន ១៩០៥នាក់ មានជនរងគ្រោះ ជាអ្នកជិះម៉ូតូសរុប ចំនួន ៦៦% ហើយ ៦៩នៃពួកគេទទួលរង ការប៉ះទង្គិចក្បាល។ មានតែ ២៩%ប៉ុណ្ណោះនៃជនរងគ្រោះ ដែលជាអ្នកបើកបរ បានពាក់មួកសុវត្ថិភាព និង ៦% នៃអ្នករួមដំណើរ បានពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង

របាយការណ៍ ដដែលបង្ហាញថា អត្រាពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នកបើកបរ ម៉ូតូនៅខេត្តកណ្តាល នៅពេលថ្ងៃមានត្រឹម ៦៧% ចំណែកការពាក់មួក សុវត្ថិភាពក្នុងចំណោម អ្នករួមដំណើរ គិតទាំងកុមារ មានត្រឹម ១១% ប៉ុណ្ណោះ។ តាមការសិក្សាស្រាវជ្រាវ ជាអន្តរជាតិបានបង្ហាញថា ការពាក់មួកសុវត្ថិភាព ដែលមានគុណភាព និងបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ដល់ទៅ ៤២%  និងការរងរបួសក្បាល ធ្ងន់ធ្ងរដល់ទៅ៦៩%។

មានមតិសំណេះសំណាល ក្នុងពិធីនោះ លោក ពៅ ម៉ាលី ជំនួសមុខឲ្យ គណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានថ្លែងនូវការ កោតសរសើរចំពោះអង្គការ មូលនិធិបង្ការរបួស អាស៊ី ដែលបានយកអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការ ចូលរួមគាំទ្រសកម្ម ភាពការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ជាពិសេសបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការ ជំរុញការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាម ទោចក្រយានយន្ត រហូតទទួលបានលទ្ធផលល្អ ប្រសើរនាពេលបច្ចុប្បន្ននេះ។

លោក ពៅ ម៉ាលីបានថែ្លង សង្កត់ធ្ងន់ថា ប្រសិនបើប្រជាជនយើង ជាអ្នកប្រើប្រាស់ម៉ូតូ បានពាក់មួកសុវត្ថិភាព គ្រប់ៗគ្នា ពេលនោះចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ នឹងថយចុះមិនខាន ព្រោះបទពិសោធន៍ នៅប្រទេសវៀតណាម បង្ហាញថា នៅពេលអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបាន ពាក់មួកសុវត្ថិភាព ១០០% ទាំងថ្ងៃទាំងយប់ មួយឆ្នាំកន្លងមក គេសង្កេតឃើញថា អត្រាស្លាប់ ក្នុងយានយន្ត ១០.០០០គ្រឿង បានថយចុះ ១២% ។

គួរបញ្ជាក់ថាកាល ពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៣កន្លងទៅ អង្គការមូលនិធិ បង្ការរបួស អាស៊ី សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នរាជរដ្ឋាភិបាល ពាក់ព័ន្ធបានប្រារព្ធពិធី ប្រកាសផ្តើមអនុវត្ត កម្មវិធីមួកសុវត្ថិភាព សម្រាប់កុមារ ដែលឧបត្ថម្ភគាំទ្រ ដោយមូលនិធិ ក្រុមហ៊ុន យូភីអេស ហើយដែលតាមរយៈកម្មវិធីនេះ មួកសុវត្ថិភាពចំនួន ២,៨៨៧មួក ត្រូវផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ចំនួន៣ដែលស្ថិត នៅខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles