ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៣ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានស្នាដៃឆ្នើម ក្នុងចលនាប្រឡងប្រណាំង ៣ ពូកែ ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ មានប្រសាសន៍ថា ផ្ទះចំនួន ០២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលឧបត្ថម្ភសាងសង់ដោយលោកឧកញ៉ា នង សាវុធ អគ្គនាយកក្រុមហ៊ុនពិភពអេស៊ាត្រេឌីង ប្រគល់ជូនអតីតយុទ្ធជន ដែលមានស្នាដៃឆ្នើម ក្នុងចលនាប្រឡងប្រណាំង ៣ ពូកែ គឺ១. លោក សៀង ពេញ អតីតយុទ្ធជនរស់នៅក្នុងខណ្ឌដង្កោ និង២.លោក ហ៊ុយ ចាន់រិទ្ធ អតីតយុទ្ធជន រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយផ្ទះទាំង ០២ខ្នង នេះ មានទទឹង ៤,៦ម៉ែត្រ និងបណ្តាយ ៦ម៉ែត្រ ដោយចំណាយក្នុងការសាងសង់ អស់ទឹកប្រាក់ចំនួន ៨,២០០ ដុល្លារសហរដ្ឋអាមេរិក ។
មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជននេះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះបងប្អូនអតីតយុទ្ធជនទាំងពីរគ្រួសារ ដែលបានទទួលផ្ទះនៅថ្ងៃនេះ និងថ្លែង អំណរគុណដល់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ជាពិសេសលោកឧកញ៉ា នង សាវុធ អគ្គនាយកក្រុមហ៊ុនពិភពអេស៊ាត្រេឌីង ដែលបានឧបត្ថម្ភក្នុងការសាងសង់ផ្ទះ ទាំង ២ខ្នង នេះផងដែរ ។
លោករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ធជនកម្ពុជា យើង ដែលហ៊ានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបន្តទៀតថា ក្រសួងសង្គមកិច្ច បានបង្កើតបេឡាជាតិអតីតយុទ្ធជន ដែលជាគ្រឹះស្ថានសាធារណៈ រដ្ឋបាលមួយ កំពុងរៀបចំធ្វើកំណែ ទម្រង់តាមនីតិវិធីថ្មី គឺការបើកប្រាក់របបគោលនយោបាយ ជូនមុខសញ្ញាតាមប្រព័ន្ធធនាគារ ដែលនីតិវិធីថ្មីនេះ ផ្តល់ភាពងាយស្រួល ដល់បងប្អូនអតីតយុទ្ធជន និង គ្រួសារ កាត់បន្ថយការលំបាក និងភាពអសកម្មនានា ដែលកើតមានក្នុងរយៈពេលកន្លងមក ។
ក្នុងឱកាសនោះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបំពាក់គ្រឿង ឥស្សរិយយស មេដាយមាស ជូនអតីត យុទ្ធជន ដែលបានទទួលផ្ទះនាថ្ងៃនេះ និងបានឧបត្ថម្ភ ក្នុងម្នាក់ៗ អង្ករ ៥០គីឡូក្រាម សារុង១ កន្សែង១ សាប៊ូ១គីឡូ និងថវិកា ១០ម៉ឺនរៀល និងបានចែកជូនលោក យាយ លោកតា ចំនួន ២៥នាក់ ក្នុងម្នាក់ៗ សារុង១ កន្សែង១ សាប៊ូ ១កញ្ចប់ ថវិកា ២ម៉ឺនរៀល ។
ជាទីបញ្ចប់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានអញ្ជើញកាត់ខ្សែបូ ប្រគល់ផ្ទះជូនអតីតយុទ្ធជន ដើម្បីជានិមិត្តរូបក្នុងការ ប្រគល់ផ្ទះអតីតយុទ្ធជនទាំង ០២ខ្នង នេះផងដែរ ៕