សៀមរាប : កាលពីវេលាម៉ោង ប្រមាណជា ១១:៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បាននាំខ្លួនបុរសសញ្ជាតិចិនម្នាក់ ទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរពីបទ រំលោភលើទំនុកចិត្ត។
បើតាមសម្ដីរបស់សាច់ញាតិ នៃម្ចាស់ពាក្យបណ្ដឹង (សុំមិនបញ្ចេញឈ្មោះ) និយាយថា ម្ចាស់ពាក្យបណ្ដឹងមានឈ្មោះ ព្រំ សុផាតិ ដែលត្រូវបានបុរសសញ្ជាតិចិន ម្នាក់នេះ ឆបោកអស់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារអាមេរិក កាលពីពេលកន្លងទៅ ហើយបុរសជនជាតិចិននោះ មិនព្រមដោះស្រាយ ថែមទាំងបានគេចមុខ មិនព្រមដោះស្រាយ ទើបបណ្ដាលឲ្យម្ចាស់ពាក្យបណ្ដឹង ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច។
បុរសសញ្ជាតិចិនម្នាក់នោះ មានឈ្មោះ ម៉ា ស៊ីខ្វាង (MA ZHIQIAN) អាយុ ៤៥ឆ្នាំ មុខរបរជាប្រធាន ក្រុមហ៊ុនទេសចរណ៍ចិន កាន់លិខិតឆ្លងដែនលេខ G 27615663 បច្ចុប្បន្នស្នាក់នៅ និងប្រកបរបរនៅក្រុងសៀមរាប។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញដោយ លោក ជួន សុបញ្ញា តំណាងអយ្យការ អមសាលាដំបូងខេត្ត សៀមរាប តាមសំណើរសុំដីកាបញ្ជាឲ្យចូលខ្លួន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ របស់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តសៀមរាប និងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ព្រំ សុជាតិ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១២។ និងយោងតាមមាត្រា ៣៧.៩៤. និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឲ្យប្រើតាម ព្រះរាជក្រមលេខ : នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ បញ្ជាឲ្យ ឈ្មោះ ម៉ា ស៊ីខ្វាង ចូលបង្ហាញខ្លួននៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប ឲ្យបានមុនថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣។
លោក វរ:សេនីយ៍ត្រី អ៊ូ សុផល ដែលជានាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដែលចុះអនុវត្តដីកា និងសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទរំលោកលើទំនុកចិត្ត រហូតដល់ម៉ោងជាង ១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះ លោក គ្រាន់តែបានឆ្លើយ តាមការហៅតាមទូរស័ព្ទ របស់អ្នកយកព័ត៌មាន ដើមអម្ពិល របស់យើងថា ករណីនេះបានបញ្ជូនទៅតុលាការ ចំពោះ សមត្ថកិច្ចរបស់លោក ជាអ្នកអនុវត្តតាមដីការបស់តុលាការ។
រហូតដល់ពេលនេះ យើងមិនទាន់បានទាក់ទងទៅ លោក ជួន សុបញ្ញា តំណាងអយ្យការ អមសាលាដំបូងខេត្ត សៀមរាប ដើម្បីសុំព័ត៌មានលម្អិតនៅឡើយទេ អំពី ករណីរំលោភលើទំនុកចិត្ត របស់ឈ្មោះ ម៉ា ស៊ីខ្វាង (MA ZHIQIAN) អាយុ ៤៥ឆ្នាំ មុខរបរ ជាប្រធានក្រុមហ៊ុនទេសចរណ៍ចិន ទៅលើ ឈ្មោះ ព្រំ សុផាតិ នោះ៕