ភ្នំពេញ៖ សប្បាយក្លាយជាទុក្ខ សង្សារវ័យក្មេង ចំនួន៣គូរ ប្រុស៣នាក់ ស្រី៣នាក់ បានលិចទូកនៅ កណ្តាល ទន្លេមេគង្គ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បណ្តាលឲ្យស្លាប់ សង្សារមួយគូ ខណៈ២គូរ ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា បន្ទាប់ពីពួកគេ កំពុងជិះទូកតូចមួយ ត្រឡប់មកពី បេះផ្លែពោត នៅលើដីកោះមួយ។ ហេតុការណ៍ដ៏គួរឲ្យ រន្ធត់ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១៖៣០នាទីរសៀលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៣ ស្ថិតនៅ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ ពីនាយនគរបាល ប៉ុស្តិ៍ក្បាលកោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំង៦នាក់ ប្រុស៣ ស្រី៣ ដែលជាសង្សានឹងគ្នា បានជួលទូកមួយគ្រឿង ដើម្បីជិះទៅកំសាន្ត នៅដីកោះមួយ ដោយឆ្លងទន្លេមេគង្គ ក្នុងគោលបំណងទៅ បេះផ្លែពោតស្ងោហូប។
សេចក្តីរាយការណ៍ បានបន្តថា ក្រោយពីពួកគេ បានបញ្ចប់ដំណើរកំសាន្តខាងលើនេះ ពួកគេ ក៏បានជួលទូក ជិះត្រឡប់មកវិញ ប៉ុន្តែដោយគ្មានទូកធំ ក៏ជួលទូកតូចជិះ ។
លុះពួកគេបានជិះដល់ពាក់ កណ្តាលទន្លេ និងដោយសារតែប្រឡែង គ្នាផងនោះ បានបណ្តាលឲ្យទូក ឃ្គីងឃ្លោង ហើយក្រឡាប់ លិចចូលទៅ ក្នុងទឹកទន្លេ ធ្វើឲ្យពួកគេ ដែលខ្លះមិនចេះហែលទឹក ផងនោះ បានលង់ទឹក បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងយុវតីម្នាក់ទៀត ដែលជាគូសង្សារនឹងគ្នាទៀតផង។ ដោយឡែក ជនរងគ្រោះចំនួន៤នាក់ ផ្សេងទៀត ត្រូវបាន ប្រជានេសាទ ជួយសង្គ្រោះទាន់ពេល កុំអីប្រហែល ពួកគេអាច នឹងស្លាប់ ទាំងអស់ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពយុវជនរងគ្រោះមាន ឈ្មោះ ផាន់ រិទ្ធីសាក់ អាយុ១៨ឆ្នាំ រស់នៅ សង្កាត់ក្បាលកោះ និងសពនារីរងគ្រោះមាន ឈ្មោះ ភីន ស្រីនិត អាយុ១៨ឆ្នាំ រស់នៅ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។
បើតាមសមត្ថកិច្ច ក្រោយកើតហេតុភ្លាមៗ សពយុវជនត្រូវបានគេរុករាវ រកឃើញ ប៉ុន្តែសពនារីរងគ្រោះ មិនទាន់ត្រូវបានគេរកឃើញ នៅឡើយទេ រហូតមកដល់ វេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃ ដដែលនេះ។ យ៉ាងណាក៏ដោយ សពយុវតីរងគ្រោះ ត្រូវបានសាច់ញាតិ និងសមត្ថកិច្ច បន្តរក ខណៈសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ។
នេះជាមេរៀនមួយ សម្រាប់មួយយុវវ័យ ទាំងអស់ គួរចងចាំទុក ៕