ភ្នំពេញ៖ ថ្នាក់ដឹកនាំប្រទេសបារាំង ហ្វីលីពីន និងកូរ៉េខាងត្បូង កាលពីរសៀល និងល្ងាចថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៣ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតិឲ្យចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែលពួកគេ បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមពិធី ថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ ថ្នាក់ដឹកទាំងនោះ រួមមាន លោក Jean-Marc Ayrault នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ បារាំង លោក JeJoma C.Binay អនុប្រធានាធិបតីហ្វីលីពីន និងលោក ហា គុម លូល (Ha Kum-Loul )ប្រធានសេនាធិការរបស់ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ។
ជំនួការផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោក អ៊ាង សុផល្លែត បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Jean-Marc Ayrault លោក JeJoma C.Binay និងលោក ហា គុម លូល (Ha Kum-Loul ) បានសូមចូលរួមរំលែកមរណទុក្ខ ជាមួយប្រជាជនកម្ពុជា ចំពោះការ យាងចូលទិវង្គត របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរវរាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ហើយតាងនាមឲ្យរដ្ឋាភិបាល និងប្រជាជនរបស់ពួកគេ សូមសំដែងនូវការ សោកស្តាយជាទីបំផុត ចំពោះការបាត់បង់ អតីតព្រះមហាក្សត្រ។
លោក អ៊ាង សុផល្លែត បានបន្តថា នៅក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្រ្តីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះលោក Jean-Marc Ayrault លោក JeJoma C.Binay អនុប្រធានាធិបតីហ្វីលីពីន និងលោក ហា គុម លូល (Ha Kum-Loul ) ដែលបានអញ្ជើញមកចូលរួម ក្នុងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភះនេះ ៕
សម្តេចតេជោ ចាប់ដៃជាមួយ លោក Ha Kum-Loul
សម្តេចតេជោ ចាប់ដៃជាមួយ លោក JeJoma C.Binay
សម្តេចតេជោ ចាប់ដៃជាមួយ លោក Jean-Marc Ayrault