កោះកុង ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ សាលាខេត្ដកោះកុង បានរៀបចំពិធី គោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះ អង្គបានយាង ចូលព្រះទីវង្គត ហើយត្រូវបានថ្វាយ ព្រះភ្លើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៦.៣០នាទី ។
ពិធីនេះត្រូវបានរៀបចំឡើង នៅវត្ដជោតញ្ញាណ ខេត្ដកោះកុងដែលមានការ ចូលរួមពីសំណាក់ លោក អ៊ុន ឆាលី អភិបាលរង ខេត្ដកោះកុង តំណាង ឱ្យលោក ប៊ុន លើត អភិបាល ខេត្ដកោះកុង នៃគណៈអភិបាល ខេត្ដកោះកុង លោកស្រី ឈួង ចាលិក ភរិយា លោក ប៊ុន លើត អភិបាលខេត្ដកោះកុង ព្រមទាំងមន្ដ្រី នៅក្រោមឱវាទ គ្រប់ស្ថាបន័អង្គភាព ដែលមានវត្ដមាន នៅក្នុងខេត្ដ និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ ប្រភេទ មានសិស្សានុសិស្ស យុវជនកាយ រិទ្ធី យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
កាលពីល្ងាចម្សិលមិញ មានរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត ជូនព្រះសង្ឃ ដើម្បីឧទ្ទិស កុសលដល់ ព្រះវិញ្ញាណក្ខន្ធ។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តិទៅយ៉ាង គគ្រឹកគគ្រេង ប៉ុន្ដែអ្នកដែលទៅចូលរួម ពីធីនេះ គេសង្កេតឃើញ មុខមានភាពស្រពាប់ ស្រពោនគ្រប់ៗគ្នា ដោយចាប់ពីថ្ងៃនេះ ទៅ កូនចៅៗ ទួតលែង បានឃើញព្រះភ័ក្រព្រះអង្គ ទៀតហើយ ហើយនៅលើអាវ ខាងឆ្វេង គេឃើញមានស្លាក សញ្ញាកាន់ទុក្ខគ្រប់ៗគ្នា ។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរ ទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចឪ សម្ដេចតា នាពេលនេះ លោកបានសំដែង ទឹកចិត្ដឱ្យ ដឹងថា ការរៀបចំពិធីនេះ លោកមានអារម្មណ៍ក្តុកក្តួល ខ្លាំងណាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ បានមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះអង្គគ្រប់គ្នា៕