ភ្នំពេញ៖ សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងសេរីភាព សារព័ត៌មានរបស់ បណ្តាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅថា អាស៊ាន ពីព្រោះនៅកម្ពុជា មិនដែលទៅបង្ខំ អ្នកកាសែត ឬហាមអ្នកកាសែត លើកលែងតែអ្នកកាសែតសរសេររឿង ដែលប៉ះពាល់ទៅលើបុគ្គលប៉ុណ្ណោះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ នៅក្នុង ឱកាសដែលរូបលោក ចូលរួមនៅក្នុងពិធីសម្ពោធស្តូបរំលឹកដល់អ្នកកាសែត ដែលបានស្លាប់ក្នុងសម័យសង្រ្គាម ស៊ីវិលកម្ពុជាឆ្នាំ១៩៧០-១៩៧៥ នៅរសៀលថ្ងៃទី០៦ ខែកុម្ហៈ ឆ្នាំ២០១៣។
លោករដ្ឋមន្រ្តីបានបន្តថា «រដ្ឋាភិបាល គឺមិនដែលបិទកាសែតទេ ហើយបើនៅដូចប្រទេសគេឥទ្បូវនេះ គ្រាន់តែរូប ត្លុក ឬក៏គេហទំព័រ ក៏គេបិទរាប់ម៉ឺនគេហទំព័រ នៅប្រទេសខ្លះ តែយើងមិនទាន់បិទណាមួយទេ។ នេះបង្ហាញអំពី ការទទួលស្គាល់នូវសេរីភាពសារព័ត៌មាន ហើយនិងបំណងរបស់រដ្ឋាភិបាលចង់ឲ្យសារព័ត៌មាន ក្លាយជាអង្គការ អំណាចទី៤ពិតប្រាកដ»។
គួរជម្រាបផងដែរថា ក្នុងសម័យសង្រ្គាមនៅកម្ពុជា ចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មានអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ៣៧នាក់ បានស្លាប់។ ក្នុងនោះមានអ្នកកាសែតកម្ពុជាចំនួន ៤នាក់៕