ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាស ឲ្យដឹងថា ការសាងសង់រូបសំណាកអតីតព្រះមហាវីរក្សត្រ ព្រះករុ ណា សម្តេចព្រះនរោត្តម សីហនុ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ បន្ទាប់ពីព្រះមហាក្សត្រ សីហមុនី ធ្វើការ សម្រេចព្រះរាជហទ័យ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធី សម្ពោធស្តូបអ្នកកាសែត ដែលបាត់បង់ជីវិតនៅក្នុងទសវត្សរ៍ទី៧០ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ថា «ចាប់ ផ្តើមនៅពេលព្រះមហាក្សត្រសម្រេច ព្រោះឥឡូវយើងមានរូបច្រើនបែប ដែលត្រូវធ្វើការជ្រើសរើស ហើយព្រះ មហាក្សត្រ នឹងធ្វើការសម្រេច»។
លោកបន្តថា នឹងធ្វើការសាងសង់រូបសំណាកនៅជិតវិមានឯករាជ្យ ដើម្បីបង្កការងាយស្រួល ដល់គណៈប្រតិភូ បរទេស ព្រោះគណៈប្រតិភូជាន់ខ្ពស់ចូលដាក់កម្រងផ្កាច្រើន នៅវិមានឯករាជ្យ ហើយបន្ទាប់ពីនោះ អាចអញ្ចើញ ពួកគេទៅដាក់កម្រងផ្កានៅព្រះភក្រ្តរបស់ព្រះអង្គតែម្តង៕