ភ្នំពេញ៖ ស្តូបរំលឹកដល់វិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជាឆ្នាំ១៩៧០-១៩៧៥ ត្រូវបានសម្ពោធឡើង ដើម្បីជាការគោរពដល់អ្នកកាសែត ដែលពលីជីវិតក្នុងអាជីព អាវុធស្លាបប៉ាកកា។
នៅក្នុងពិធីសម្ពោធស្តូបរំលឹកវិញ្ញាណក្ខន្ធនេះ មានការអញ្ជើញចូលរួមពីសំណាក់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ, អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងជាអតីតអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឆាំង សុង, មន្រ្តីការទូតមួយចំនួននៅក្នុងប្រទេសកម្ពុជា ព្រមទាំងអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងពិធីនោះថា ការធ្វើស្តូបនេះឡើង ដើម្បីជាការគោរពវិញ្ញាណក្ខន្ខអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ នៅក្នុងសម័យ សង្រ្គាមស៊ីវិលកម្ពុជាក្នុងទសវត្សរ៍៧០ ហើយការជ្រើសរើសការសង់ស្តូបនៅក្បែរសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជ ធានីភ្នំពេញ ត្រូវបានលោករដ្ឋមន្រ្តីក្រសួងព័ត៌មានពន្យល់ថា កន្លែងនេះ គឺជាចន្លោះរវាងសណ្ឋាគារឡឺរ៉ូយ៉ាល់ និង ក្រសួងឃោសនាការ ហើយដោយសារតែអ្នកសារព័ត៌មានពីសម័យនោះ តែងតែមកជួបជុំគ្នានៅក្នុងសណ្ឋាគារ នេះ បន្ទាប់មកនាំគ្នាទៅស្តាប់សន្និសីទកាសែតនៅក្នុងក្រសួងឃោសនាការ ដែលនេះគឺជាកន្លែងល្អបំផុតសម្រាប់ សាងសង់ស្តូបនេះ។
លោករដ្ឋមន្រ្តីបានបន្តថា «យើងធ្វើស្តូបនេះ គឺដោយសារថា ធម្មតា គឺជនជាតិគេក្តី យើងក្តីរាល់ឆ្នាំ ប្រសិនបើយើង ចង់ទៅគោរពវិញ្ញាណ្ឋក្ខន្ធ គឺយើងទៅកន្លែងផ្នូរ ឬទៅចេតិយ ប៉ុន្តែអ្នកកាសែតដែលបានស្លាប់នេះ ភាគច្រើនយើង មិនបានស្គាល់កន្លែងដែលគេស្លាប់ យើងអត់ស្គាល់កន្លែងណា ដែលគេកប់នោះទេ គឺយើងធ្វើនៅកន្លែងតែមួយ ហើយទន្ទឹមនេះ យើងក៏អំពាវនាវឲ្យគេយករូបថតមកដាក់ទៀត»។
លោក ពុយ គា អ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុន និងជាអ្នកតំណាងក្លឹបអ្នកកា សែតកម្ពុជា បានថ្លែងនៅក្នុងពិធីនោះផងដែរថា ការសាងសង់ស្តូបនេះឡើង គឺជាសក្ខីភាពមួយ ដើម្បីឆ្លុះបញ្ចាំង ពីការគោរពដល់វិញ្ញាណក្ខន្ធអ្នកកាសែត ដែលបានបាត់បង់ក្នុងសម័យសង្រ្គាមស៊ីវិល នៅកម្ពុជាទសវត្សរ៍៧០ ហើយក៏ជាការបង្ហាញមួយផងដែរថា មិត្តភក្តិរួមអាជីពរបស់ពួកគេមិនបានបំភ្លេចពួកគេទេ ក្នុងការនាំយកព័ត៌មាន ពិតចែកជួនដល់សាធារណជន។
គួរសូមជម្រាបផងដែរថា ក្នុងសម័យសង្រ្គាមនៅកម្ពុជាចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មានអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ៣៧ នាក់ បានស្លាប់។ ក្នុងនោះមានអ្នកកាសែតកម្ពុជាចំនួន៤នាក់៕