ភ្នំពេញ៖ គ្រឿងឧបភោគ បរិភោគជាច្រើនមុខ និងថវិកា ជាង១លានរៀល ត្រូវបានសាខា កាកបាទក្រហម កម្ពុជា ខណ្ឌពោធិ៍សែនជ័យ រួមនឹងអាជ្ញាធរសង្កាត់ចោមចៅ នាំយកនូវជូនដល់លំដ្ឋាន របស់ម្តាយ សពនាង គង់ ដានី ដែលបានទទួល មរណភាព កាលពីកន្លងទៅថ្មីៗនេះ ដើម្បីជួយសម្រាល នូវទុក្ខលំបាក ឬកង្វះខាត មួយមួយរយៈផងដែរ ។ ការអញ្ជើញចុះទៅនេះ កាលពីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ តំណាងឲ្យលោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការដែលលោកដឹកនាំមន្ត្រី សាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ រួចជាមួយ អាជ្ញាធរសង្កាត់ចោមចៅ នាំយកគ្រឿង ឧបភោគបរិភោគ មួយចំនួនធំនិងថវិកា ប្រមាណជាជាង១លានរៀល មកឧបត្ថម្ភ ដល់ម្តាយរបស់ សពនាង គង់ ដានី គឺដោយសារកាលពីអំឡុង៤ឆ្នាំ មុននោះ នាង គង់ ដានី ត្រូវជាកូនរបស់ លោកស្រី សុខ សុវឿន ជាបុគ្គលិកភោជនីយដ្ឋាន មួយកន្លែងស្ថិតនៅម្តុំផ្លូវ កម្ពុជាក្រោម ត្រូវបានភ្លើងឆេះភោជនីយដ្ឋាន បណ្តាលឲ្យនាងរងនូវ ការលាកភ្លើង យ៉ាងដំណំត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល រហូតដល់ប្រទេសវៀតណាម នៅតែមិនបានជា សះស្បើយ ហើយគ្រួសារនេះ ត្រូវជួបនូវការទុក្ខលំបាក យ៉ាងខ្លាំង ។
ដោយសារតែឃើញយ៉ាងដូច្នេះ ទើបលោកមេភូមិបាន ធ្វើលិខិតស្នើសុំទៅ សាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ សូមឲ្យចុះជួយដល់ គ្រួសារនេះ ហើយបន្ទាប់ពីទទួលដំណឹងនេះ ក្នុងនាមអាជ្ញាធរខណ្ឌ ក៏ដូចជាប្រធាន អនុប្រធានសាខាកាក បាទក្រហម បានរៀបចំនូវថវិកានិងគ្រឿងឧភោគ បរិភោគ មួយចំនួន នាំយកមកជួយឧបត្ថម្ភភ្លាមៗ ដើម្បីជួយសម្រាល នូវទុក្ខលំបាកដល់គ្រួសារ របស់លោកស្រី សុខ សុវឿន ខណៈពេលកំពុង ជួបនូវការខ្វះខាតនេះ ។
លោកបានបន្តទៀតថា ការចុះជួយនេះដល់ ពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននេះ អាជ្ញាធរខណ្ឌក៏ដូចជា សាខាកាកបាទក្រហមខណ្ឌ គឺនឹងបន្តចុះជួយជាបន្ត បន្ទាប់ទៀត ឲ្យតែពលរដ្ឋមួយណា ជួបនូវទុក្ខលំបាក ឬក៏ជួបនូវការខ្វះខាតនោះ គឺមិនទុកឲ្យ ពលរដ្ឋមួយណារស់នៅ ដោយឯកការនោះឡើយ ។
លោកបានបន្តទៀតថា ថវិកាដែលបាននាំយកមក ឧបត្ថម្ភដល់ម្តាយសពនាង គង់ ដានី នាពេលនេះ បានមកពី លោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែនជ័យ ចំនួន៥០ម៉ឺនរៀល លោក សេង គន្ធ អភិបាលរងខណ្ឌ១០ម៉ឺនរៀល លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ១០ម៉ឺនរៀល លោក ធៀម ថា ប្រធានសាខាគយ ខណ្ឌពោធិ៍សែនជ័យ ២០ម៉ឺនរៀល រូបលោកបាន ឧបត្ថម្ភ២០ម៉ឺនរៀល និងសាខាកាកបាទ ក្រហមខណ្ឌ មី៣កេស អង្ក២០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកដោះគោ ២យួរ ស្កសរ១គីឡូក្រាម ។
លោក បានបន្តទៀតថា ទោះបីជាអំណោយដែលបាន នាំមកនាពេលនេះ វាមិនអាចជួយទ្រទ្រង់ជីវភាព របស់គ្រួសាររបស់អ្នកស្រីបាន រហូតក្តីក៏អាចជួយកាត់ បន្ថយនូវការខ្វះខាតបាន មួយរយៈផងដែរ ។
អ្នកស្រី សុខ សុវឿន ត្រូវជាម្តាយ សពនាង គង់ ដានី បានមានប្រសាសន៍ថា អ្នកស្រីគឺជាស្រ្តី មេម៉ាយមានកូន៣នាក់ ប៉ុន្តែស្លាប់ម្នាក់ គឺនាង គង់ ដានី ហើយកាលពីនាងមិនទាន់ ធ្លាក់ខ្លួនឈឺ គឺគ្រួសារ របស់អ្នកស្រី រស់បានគឺដោយសារតែនាង ធ្វើការបានប្រាក់ខែ យកមកផ្គត់ផ្គង ហើយកាល ពីអំឡុង៤ឆ្នាំមុននោះ ដោយនាងជាបុគ្គលិកភោជនីយដ្ឋាន ហើយត្រូវភ្លើងឆេះភោជនីយដ្ឋាន បណ្តាលឲ្យនាងរងនូវការរលៀក យ៉ាងដំណំ ហើយអ្នកស្រីបាន បញ្ជូនទៅព្យាបាល រហូតដល់ប្រទេស វៀតណាម។
តែទោះជាយ៉ាងណា ក៏ពុំបានជាសះស្បើយដែរ គឺនាងមានសភាពធ្ងន់ធ្ងរ បន្តិចបន្តៗ ជាអកុសលកាលពីពេលថ្មីៗ កន្លងទៅនេះ នាងក៏បានលាចាកលោក នេះទៅ ធ្វើរូបគាត់ជួប នូវទុក្ខលំបាកយ៉ាងខ្លាំង ពីព្រោះថវិកា ដែលត្រូវចំណាយធ្វើបុណ្យសព នាងក៏គ្មានដែរ ព្រោះអ្នកស្រីមានមុខរបរជា អ្នកលក់នំអន្សម បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកនោះ មានលុយឯណា ធ្វើបុណ្យសពនាងនោះ ប៉ុន្តែទោះបីជា យ៉ាងណាក៏ខំត្រដេរត្រដរជំពាក់គេ មួយចំនួន បង្រ្គប់កិច្ចឲ្យនាង ។
អ្នកស្រីបានបន្តទៀតថា អ្នកស្រីសប្បាយចិត្ត ខ្លាំងណាស់ ដោយសារតែមានការមើលឃើញពី អាជ្ញាធរខណ្ឌក៏ដូចជាកាកបាទ ក្រហមខណ្ឌ និងអាជ្ញាធរសង្កាត់ បាននាំយកនូវថវិកា និងគ្រឿងឧភោគ បរិភោគ មួយចំនួន ធំជួយដល់ គ្រួសារអ្នកស្រី ធ្វើឲ្យគ្រួសារអ្នកស្រីបាន ធូស្រាលមួយរយៈផងដែរ ហើយអ្នកស្រីសូមថ្លែង អំណរគុណនិងជូនពរ អស់លោក លោកស្រីទាំងអស់ជួបតែសេចក្តី សុខគ្រប់ប្រការ និងបំពេញអ្វីបានជោគជ័យ គ្រប់ភារកិច្ច៕
\