ព្យុងយ៉ាង៖ សារព័ត៌មានកូរ៉េខាងជើង បានបង្ហាញពីរូបភាពរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងមន្រ្តីទូតប្រទេសនានា ជិះរថភ្លើងហោះ ក្នុងសួនកំសាន្តមួយកន្លែងក្នុងទីក្រុង ព្យុងយ៉ាង។
តាមសារព័ត៌មានរដ្ឋ កូរ៉េខាងជើង ចុះផ្សាយនៅថ្ងៃ សៅរ៍ ទី ៤ ខែ សីហា នេះ បានផ្សាយរូបភាពរបស់លោក សេនាប្រមុខ គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង កំពុងជិះរថភ្លើងហោះលេងកំសាន្ត ជាមួយលោក បាណាប៊ី ចនស៍ ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំទីក្រុង ព្យុងយ៉ាង យ៉ាងសប្បាយរីករាយ កាលពីសប្តាហ៍មុន។
ទន្ទឹមគ្នានេះដែរ ក្រសួងការបរទេសអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ ទទូលស្គាល់ថា រូបភាពដែលត្រូវបានផ្សព្វផ្សាយនេះ ជាហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ តែវាគឺជាយន្តការការទូតរវាង រដ្ឋាភិបាលអង់គ្លេស និង កូរ៉េខាងជើង។ក្រៅពីនេះ ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ថែមទៀតថា មានមន្រ្តីទូតជាច្រើនប្រទេសផ្សេងទៀត ចូលរួមជិះរថភ្លើងហោះកំសាន្ត ជាមួយលោក គឹម ជុងអ៊ុន ផងដែរ។
ការផ្សព្វផ្សាយរូបភាព របស់លោក គីម ជុងអ៊ុន និងមន្រ្តីទូតរបស់ប្រទេសនានាប្រចាំប្រទេសកូរ៉េខាងជើង ដែលនាំគ្នាជិះរថភ្លើងហោះ យ៉ាងសប្បាយរីករាយ នៅក្នុងសួនកំសាន្តមួយកន្លែងនៅក្នុងទីក្រុង ព្យុងយ៉ាង បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន សម្លឹងឃើញថា នេះជាផ្នែកមួយនៃការព្យាយាម បង្កើតនិមិត្តរូបចំពោះ លោក គីម ជុង អ៊ុន ថាជាមេដឹកនាំដែលមានទំនងទំនងល្អ និង មានភាពសិ្នតស្នាល ជាមួយប្រទេសនានា៕