កំពង់ស្ពឺៈ ក្មេងប្រុសម្នាក់ បានស្លាប់ និងក្មេងប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីពួកគេបានយក គ្រាប់បែកដៃមួយគ្រាប់មកគប់លេងហើយផ្ទុះ ខណៈទៅឃ្វាលគោកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ នៅភូមិ ក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១២ថា កាលពីថ្ងៃទី៣ ខែសីហា មានក្មេងប្រុសស្រី៤នាក់ បាននាំគ្នាទៅឃ្វាលគោ ហើយក៏ប្រទះឃើញគ្រាប់ បែកមួយគ្រាប់មិនស្គាល់ប្រភេទគ្របក្រោមស្លឹកឈើ ក៏យកមកគប់លេង បណ្តាលឲ្យផ្ទុះឡើង ស្លាប់ក្មេងប្រុស ម្នាក់ និងក្មេងប្រុស២នាក់ របួសស្រាល និងក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់។
យោងតាមមន្រ្តីនគរបាលដដែលនេះ បានឲ្យដឹងថា ក្មេងៗរងគ្រោះក្នុងហេតុការផ្ទុះគ្រាប់បែកដៃនេះ ១. ឈ្មោះ ឆែម បូរ៉ា អាយុ ១៧ឆ្នាំ ស្លាប់ ២. កុមារី យឿ សុខណេង អាយុ ១០ឆ្នាំ រងរបួសធ្ងន់ ៣. កុមារា វ៉ាន់ សុង អាយុ ១០ឆ្នាំ និងទី៤. កុមារា ខែម សុវណ្ណ អាយុ ៨ឆ្នាំ រងរបួសស្រាល។ ក្មេងៗរងគ្រោះទាំងអស់រស់នៅភូមិសំបូរ ឃុំតាំងចារ ស្រុកភ្នំស្រួច។
ក្រោយពេលកើតហេតុក្មេងប្រុសរងគ្រោះរហូតស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រណៃណី រីឯ៣នាក់ផ្សេងទៀតដែលរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យខេត្ត៕