ភ្នំពេញៈ ក្រុមហ៊ុន ENVOTECH ដែលជាក្រុមហ៊ុន នាំចូល និង ចែកចាយ រថយន្ត Range Rover និង Land Rover ក្នុងប្រទេសកម្ពុជា នាថ្មីៗនេះ បានបង្ហាញ រថយន្ត Range Rover ស៊េរីទំនើប ពីរប្រភេទ ដែលទើបតែ នាំមកដល់ ប្រទេសកម្ពុជា។
Range Rover Vogue 4.4D V8 ស៊េរីឆ្នាំ២០១៣ (ប្រើប្រាស់ម៉ាស៊ូត) និង Range Rover Supercharged 5.0 V8 ស៊េរីឆ្នាំ២០១៣ (ប្រើសាំង) ត្រូវបាន Envotech ដាក់បង្ហាញនៅក្រុមហ៊ុន របស់ខ្លួន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ។
លោក ទុយ សំបូរ ប្រធានផ្នែកបច្ចេកទេស នៃក្រុមហ៊ុន ENVOTECH បានឱ្យដឹងថា Range Rover ស៊េរី២០១៣ ត្រូវបានកែច្នៃ ឱ្យប្រសើរឡើងជាង Range Rover 2012 ច្រើន ដូចជា មានទម្ងន់ស្រាល ជាង Range Rover 2012 ចំនួន៤០០គីឡូក្រាម ស៊ីប្រេងតិចជាងមុន (១០-១១លីត្រ ក្នុង១០០ គីឡូម៉ែត្រ-Range Rover Vogue 4.4D V8) សំណឹកកង់តិចជាងមុន ការបញ្ចេញជាតិពុល (ផ្សែង) តិចជាងមុន និងផលិតពីអាលុយមីញ៉ូម ការពារច្រេះចាប់ ជាដើម។
លោកបន្ថែមថា រថយន្តស៊េរីថ្មីនេះ មានមុខងារ Dynamic (ខ្លាំង) ដែលអាចដឹង ដោយស្វ័យប្រវត្តិ នៅពេល រថយន្តរត់លើដីស្មើ បូមរបស់វាក៏ឡើងរឹង តែដល់ពេល រថយន្តបើកលើដីក្រហេងក្រហូងវិញ បូមរបស់វា ក៏ផ្លាសប្តូរ ទៅជាទន់ ដោយស្វ័យប្រវត្តិផងដែរ ។ ដោយឡែកប្រព័ន្ធបញ្ជា បានផ្លាស់ប្តូរ ពីការចុចលើប៊ូតុង មកចុចលើស្រ្គីន (Screen)។ ទ្វារបិទបើក ត្រូវបានគេធ្វើសម្រាប់ចុចបញ្ជា ដោយស្វ័យប្រវត្តិក៏បាន និង បញ្ជា ដោយដៃក៏បាន។ ទោះជាយ៉ាងណា ចំពោះប្រព័ន្ធសុវត្ថិភាពរបស់វា ត្រូវបានរក្សានៅដដែល ។
ប្រធានទីផ្សារ និង ផ្នែកលក់ នៃក្រុមហ៊ុន ENVOTECH លោក អ៊ុយ វុទ្ធី បានឱ្យដឹងថា រថយន្ត Range Rover ទទួលបាន ការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដោយអតិថិជន បានចាប់អារម្មណ៍ ចំពោះរថយន្តនេះ ជាបន្តបន្ទាប់។ លោកថា ជាងរាល់ថ្ងៃ មានអតិថិជនយ៉ាងតិច ១០នាក់ បានទូរស័ព្ទ មកសួរនាំពីរថយន្តនេះជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ រថយន្ត Range Rover នៅក្នុង ប្រទេសកម្ពុជា មានមិនក្រោមពី ២០០០គ្រឿង នោះទេ ហើយក៏មានរថយន្តជជុស មួយចំនួនទៀត ផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ កន្លងទៅ ក្រុមហ៊ុន ENVOTECH បាននាំយករថយន្ត Range Rover ថ្មីៗ ប្រមាណពី៣០០ទៅ៥០០គ្រឿង ដើម្បី ផ្គត់ផ្គង់ ដល់តម្រូវការទីផ្សារ រថយន្ត នៅប្រទេសកម្ពុជា ។ នេះបើតាម លោក អ៊ុយ វុទ្ធី ៕