Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាគារ ការិយាល័យ សារមន្ទីរ នៃមន្ទីរវប្បធម៌ វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បិទទ្វារជាង៣ឆ្នាំ គ្មាននរណា ហ៊ានចូលធ្វើការ ព្រោះសំណង់ ពុំមានភាពរឹងមាំ

$
0
0

កំពង់ឆ្នាំង៖ អាគារ ការិយាល័យ សារមន្ទីរ នៃមន្ទីរ វប្បធម៌ វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបាន កសាងឡើងក្នុង អំឡុងឆ្នាំ២០០៨-២០០៩ បច្ចុប្បន្ន មានស្នាមប្រេះ ស្រុតចំកណ្តាល បុស្សបុក និងកោងធ្នឹម ស្លាបខាងស្តាំ និងស្លាបខាងឆ្វេង ធ្វើអោយមជ្ឈដ្ឋាន ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការ មន្ទីរជំវិញ ខេត្តមួយចំនួន បានរិះគន់ថាអាគារដ៍ ស្រស់ស្អាត ដែលមានតំលៃ រាប់ម៉ឺនដុល្លារ បែរជាត្រូវបិទទ្វារ អស់រយៈពេល ជាង៣ឆ្នាំមកហើយ ។

 ប្រភពបាន បង្ហើបអោយដឹងថា អាគារខាងលើបានមក ពីការដោះដូរ (ដីរដ្ឋ) របស់មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង មួយកន្លែង ស្ថិតនៅជាប់ខាងជើង ទីបញ្ជាការកង រាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែលមានតំលៃខ្ទង់រាប់លាន ដុល្លារ អាមេរិកឯណោះ ។

ប្រភពបន្តថា ការដោះដូរ ទីតាំងដីដើម្បី យកប្រាក់មកកសាង សមិទ្ធិផល របស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តកំពង់ឆ្នាំង នាខណៈនោះ គេសង្កេតឃើញថា មានការកសាងបានត្រឹមតែអាគារ ការិយាល័យ វប្បធម៌ និងវិចិត្រសិល្បៈ ស្រុកទឹកផុស មួយខ្នងតូច អាគារការិយាល័យ សារមន្ទីរនិង របងនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

ការរិះគន់ផ្តោតទៅលើការ កេងចំណេញសំភារៈ គ្រប់បែបយ៉ាង ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន  ធ្វើអោយសំណង់ មិនមានស្តង់ដារ និងមិនមានលក្ខណៈ បច្ចេកទេស ពិសេសការដេញថ្លៃក្នុងការសាងសង់ មានភាពពុករលួយផងដែរ  ដែលធ្វើអោយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រយោជន៍ជាតិ ។

 ទាក់ទិនទៅនឹងការ រិះគន់ខាងលើ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានប្រាប់អោយ ដឹងថា ការសាងសង់ការិយាល័យ សារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ ព្រមទាំងដាក់អោយក្រុមហ៊ុន ដេញថ្លៃ ក្នុងការសាងសង់ជាតួនាទី របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ការសាងសង់របស់ក្រុមហ៊ុន បានកុងត្រា រយៈពេលមួយឆ្នាំ។ ក្រោយការសាងសង់បាន២ឆ្នាំតែប៉ុណ្ណោះ ក៏មានការស្រុតចំ កណ្តាលបុស្សបុក និងកោងធ្នឹម ទាំងសងខាង ។

ប្រធានមន្ទីររូបនេះបាន បន្តអោយដឹងថា ការបិទទ្វារ គឺដោយសារការិយាល័យ សារមន្ទីរមិនមានបុគ្គលិក ហើយក្រសួងមានគំរោង ជួសជុលដោយ បន្ថែមសរសរចំនួន៤ដើម នៅពេលឆាប់ៗ ខាងមុខនេះ ចំពោះខ្ទង់ចំណាយក្នុង ការសាងសង់ និង ការដោះដូរ វាមិនស្ថិតនៅក្នុងកណ្តាប់ដៃរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឡើយ ។ មន្ទីរគ្រាន់តែចាំទទួល សមិទ្ធិផលខាងលើ មកប្រើប្រាស់តែប៉ុណ្ណោះ ។

អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ចំរើន វ៉ាន់ថា បានប្រាប់ តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ អោយដឹងថា លោកទើបតែឡើង កាន់តំណែងថ្មី មិនបានដឹងពីការងារ ខាងលើអោយស៊ីជំរៅនោះទេ ពីព្រោះ ការងារត្រូវបានរៀបចំ រួចកន្លងផុត ទៅអស់ហើយ បើចង់ដឹងច្បាស់ សូមសួរទៅប្រធាន នាយកដ្ឋានសំភារៈ បរិក្ខារ នៃក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈព្រោះលោកជាអ្នកទទួល ការងារដោយផ្ទាល់ ។

ដើមអម្ពិល មិនអាចទំនាក់ទំនង សូមការអត្ថាធិប្បាយ ណាមួយ ពីលោក ប្រធាននាយកដ្ឋានសំភារៈ បរិក្ខារ នៃក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈបាននៅឡើយទេ នារសៀលថ្ងៃទី១១ ខែកុម្ភៈ នេះ ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>