កំពង់ធំ ៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សុខាកុមារទេព អ៊ិចប្រេស ដឹកអ្នកដំណើរ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកស្ទោង សហការ ជាមួយ សមត្ថកិច្ចផ្នែក រដ្ឋបាលព្រៃឈើស្ទោង ចាប់ឃាត់ ដោយសារតែនៅក្នុង រថយន្តបានលួច ដឹកសត្វព្រៃ ដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៣ នៅវេលាម៉ោង ៩៖៣០នាទី ។
ការបើកយុទ្ធនាការ បង្រ្កាបរថយន្តក្រុង ដឹកអ្នកដំណើរនេះ ត្រូវបានដឹក នាំកម្លាំងបង្រ្កាប ដោយលោកវរៈសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកស្ទោង និងលោក តុង យី នាយផ្នែក រដ្ឋបាល ព្រៃឈើស្ទោង បង្រ្កាបនៅមុខ ទីបញ្ជាការកងរាជ អាវុធហត្ថស្រុកស្ទោង ស្ថិតនៅក្នុងឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្ត ត្រូវបានគេស្គាល់ឈ្មោះ ហៀង ចាន់ធា អាយុ ២៧ឆ្នាំ រស់នៅសង្កាត់កោះជុំ ក្រុងសំពៅមាស ខេត្តពោធិ៍សាត់ ចំណែកម្ចាស់សត្វព្រៃ ឈ្មោះ ជឹម សុភា អាយុ ២៤ រស់នៅភូមិសំរោង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ចំណែក សត្វព្រៃជាសត្វ ប្រភេទ អណ្តើក ព្រៃ ចំនួន ១៣០ក្បាល ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ប្រគល់ឲ្យលោក ហាក់ សុធី នាយសង្កាត់ រដ្ឋបាល ព្រៃឈើស្ទោង ចំណែក ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
លោក វរៈសេនីយ៍ឯក ឃុន ប៊ុនហូ បានឲ្យ ដឹងថា មុនឈានដល់ការបង្រ្កាប រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន កុមាទេព អ៊ិចប្រេស ដែលបាន ដឹកអ្នកដំណើរខាងលើនេះ លោកបានទទួលពត៌មាន ពីបណ្តាញ កងរាជអាវុធហត្ថថា មានរថយន្តក្រុង មួយគ្រឿង សង្ស័យដឹក វត្ថុខុសច្បាប់ ទើបបានជាលោក បានសុំយោបល់លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ធំ និងមានការ ឯកភាព ពីលោក ព្រះរាជអាជ្ញា ខេត្តកំពង់ធំ និងមានសហការ ជាមួយ និងលោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ស្ទាក់ឃាត់រថយន្ត សង្ស័យតែម្តង។
ក្រោយពីសមត្ថកិច្ច ធ្វើការឆែកឆេរ ក៏បានប្រទះឃើញ មានសត្វអណ្តើក ចំនួន ៦ កេស ដែលត្រូវបានគេរុំស្គត់ដាក់ នៅក្នុងកេសប្រដាស់ បិទជិត សមត្ថកិច្ចក៏បានហែក កេសក៏ប្រទះឃើញ មានសត្វអណ្តើកព្រៃចំនួន ១៣០ ក្បាល ។
ទិដ្ឋភាពខណៈពេលដែល ឃាត់រថយន្តក្រុងនេះ បានបង្ហាញឲ្យភ្ញៀវទេសចរណ៍ អន្តរជាតិ ដែលនៅ លើរថយន្តបានកោតសរសើរ ដល់សមត្ថកិច្ច ដែលបានអនុវត្ត បង្រ្កាបបទល្មើសសត្វព្រៃ ដែលជាសត្វត្រូវបាន ហាមឃាត់ពីរាជរដ្ឋាភិបាល និងជាសត្វអភិរក្ស ដែលមិនគួរយកមិនលក់ដូរនោះទេ៕