Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

១៤ កុម្ភៈ មិន​មែន​ទិវា លះ​បង់​ព្រហ្ម​ចារី ដើម្បី​សង្សារ​ទេ

$
0
0

ភ្នំពេញ៖ ថ្ងៃនៃសេចក្ដីស្រឡាញ់ Valentine’s Day ជារៀងរាល់ឆ្នាំ គេតែងឃើញយុវវ័យខ្មែរ មួយចំនួនធំ តែងតែមានភាពជ្រួលជ្រើម នៅក្នុងថ្ងៃបុណ្យមួយនេះ ដោយមានយុវវ័យយើងមួយចំនួន រសេចរសាចពេញដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សារបណ្តើរ។ នៅក្នុងថ្ងៃ១៤កុម្ភៈនេះដែរ មាននារីមួយចំនួន ត្រូវបានគេរាយការណ៍ថា ត្រូវបាត់បង់ព្រហ្មចារីរបស់ខ្លួន ដោយប្តូរជាមួយនិង ផ្កាកូលាបមួយបាច់រួមផ្សំ និងពាក្យសម្តីផ្អែមល្អែមរបស់ បុរសជាសង្សារក៏មានដែរ។

លោក លី វ័យគួង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ថ្ងៃបុណ្យនៃក្តីស្រលាញ់ គេធ្វើឡើងទៅលើមនុស្សទូទៅ មិនចាំបាច់តែទៅលើ គូសង្សារស្រលាញ់គ្នានោះទេ ប៉ុន្តែយុវវ័យខ្មែរភាគច្រើន តែងមានការយល់ច្រឡំទៅលើថ្ងៃមួយនេះ ដោយពួកគេតែងតែផ្តោតជាសំខាន់ ទៅលើតែគូសង្សារបស់គេទៅវិញ។

លោកបន្តថា នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ អ្នកដែលទទួលរងគ្រោះ ច្រើនជាងគេគឺស្ត្រីភេទ ដោយពួកគាត់តែងតែ ចាញ់បោកការលួងលោមរបស់បុរស ដែលជាសង្សារ ព្រោះនារីឲ្យតែស្រលាញ់ បុរសណាម្នាក់ហើយ តែងតែស្រលាញ់អស់ពីចិត្ត និងហ៊ានប្រគល់អ្វីៗ ឲ្យគូស្នេហ៍របស់ខ្លួនដោយមិនគិត ពីផលវិបាកនៅថ្ងៃក្រោយ ហើយស្រ្តីគួទុកព្រហ្មចារីរបស់ខ្លួន ឲ្យដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ មិនត្រូវបំផ្លាញចោលក្នុងថ្ងៃ១៤កុម្ភៈនោះទេ។

លោក លី វ័យគួង ឲ្យដឹងទៀតថា “យ៉ាងណាក៏ដោយខ្ញុំជឿជាក់ថា យុវតីបច្ចុប្បន្នមានការយល់ ដឹងកាន់តែច្រើនទៅលើបញ្ហាទាំងនេះ ព្រោះតែសព្វថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈទូរទស្សន៍ វិទ្យុ ជាពិសេសតាមគេហទំព័រ ហ្វេសប៊ុក អំពីការផលអវិជ្ជមាននៅក្នុង ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ”។

លោក ឌួង ស៊ីឡែន ជានិស្សិតពេទ្យមួយរូប បានលើកឡើងនូវទស្សនៈរបស់ខ្លួនដែរ ស្រដៀងគ្នាដែរថា ពីមួយឆ្នាំទៅមួយឆ្នាំថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលយុវវ័យខ្មែរតែង ហៅថាថ្ងៃបុណ្យសង្សា រកាន់តែវាយលុកកាន់តែខ្លាំង ទៅលើយុវវ័យខ្មែរ ដោយធ្វើឲ្យពួកគេមាន ភាពឈ្លក់វង្វេងជាខ្លាំង សូម្បីតែក្មេងៗបឋមសិក្សា ហើយបញ្ហានេះពិតជាគួរអោយ បារម្ភខ្លាំងណាស់សំរាប់យុវវ័យខ្មែរ។

លោកថា យ៉ាងណាក៏ដោយ យុវតីភាគច្រើន ប្រហែលជាមានការយល់ដឹងខ្ពស់ និងចេះថែរក្សាខ្លួនប្រាណរបស់ខ្លួនបានល្អ ព្រោះបច្ចុប្បន្នតាមវិទ្យុ ទូរទស្សន៍ និងទស្សនាវដ្តី មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីពញ្ញាក់ស្មារតីរបស់យុវវ័យជាពិសេសយុវតី កុំឲ្យមានភាពសប្បាយ ជ្រុលហួសហេតុពេកនៅក្នុង ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ជាពិសេសកុំឲ្យប្តូរខ្លួនប្រាណ របស់យើងជាមួយ និងផ្កាមួយទង។

លោកបន្តថា”ចំពោះថ្ងៃបុណ្យនេះ ខ្ញុំមិនដែលឲ្យតម្លៃទៅលើវានោះទេ ព្រោះវាមិនមែនជាវប្បធម៌ របស់ជាតិខ្មែរឡើយ ប៉ុន្តែវាជាកម្មវិធីរបស់ពួកអ៊ឺរ៉ុប ហើយអ្វីដែលសំខាន់នោះ យុវវ័យខ្មែរយើងយល់ច្រឡំថា ថ្ងៃបុណ្យមួយនេះជាថ្ងៃបុណ្យសង្សា មិនមែនជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលយើងត្រូវផ្តល់ឲ្យអ្នកគ្រប់គ្នា នៅជុំវិញយើងនោះឡើយ”។

លោក ហៃ សុខជា បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យសង្សារ គេតែងឃើញយុវវ័យខ្មែរ ជាពិសេសសិស្សសាលាតែងមាន ភាពជ្រួលច្របល់ ហើយមានយុវតីខ្លះត្រូវបាត់បង់ព្រហ្មចារី នៅថ្ងៃនោះក៏មានដែរ ដែលបង្កឲ្យកើតមានវិបត្តិ សង្គមកាន់តែច្រើន ដែលវិបត្តិទាំងនោះ បានធ្វើឲ្យភាគីទាំងសងខាងធ្លាក់ទឹកចិត្ត ជាពិសេសស្រ្តី ដោយពួកគេនឹងខូចកេរ្តិ៍ឈ្មោះទាំងខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសវាផ្ទុយទៅនឹង ប្រពៃណីខ្មែរ ដែលមិនត្រូវប្រគល់ខ្លួនប្រាណ ឲ្យទៅបុរសមុនថ្ងៃរៀបការ។

លោកបន្តថា”ខ្ញុំយល់ថា ថ្ងៃបុណ្យសង្សារនេះ គឺបង្កឲ្យមានភាពច្របូកច្របល់ នៅក្នុងសង្គមខ្មែរយើងជាខ្លាំង ដោយយុវវ័យមួយចំនួនធំ ឲ្យតែដល់ថ្ងៃនោះ តែងតែរវើរវាយ មិនផ្តោតការយកចិត្តទុកដាក់លើការសិក្សា ហើយខ្វល់តែពីរឿង ទិញការដូរជូសង្សារបស់ខ្លួន”។

គេសង្កេតឃើញថា នៅតាមមហាវិថីមួយចំនួន និងនៅតាមសាលារៀន ក៏ដូចជានៅតាមហាងលក់ផ្កាជាដើម មានដាក់តាំងលក់ផ្កាកូលាប យ៉ាងទូលំទូលាយ និងមានការបញ្ចុះតម្លៃជាដើម ហើយជាបិសេសនោះ គឺនៅតាមកន្លែងសួនកំសាន្ត សប្បាយមួយចំនួន មានការផ្សព្វផ្សាយ ក្នុងការបញ្ចុះតម្លៃ ដើម្បីអបអរសាទរក្នុងឱកាសនៃ ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ យ៉ាងផុសផុលផងដែរ។ជាមួយគ្នានេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលត្រូវជាថ្ងៃបុណ្យនៃក្តីស្រលាញនេះដែរ យុវជនកាយរិទ្ធ នឹងរៀបចំពិធីមួយនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិក ក្នុងគោលបំណង ដើម្បីពញាក់ស្មារតីរបស់យុវវ័យ កុំឲ្យសប្បាយភ្លើតភ្លើនជាមួយនិង ថ្ងៃបុណ្យនេះខ្លាំងហួសហេតុពេក ពិសេសយុវតីសូមកុំប្រគល់ ព្រហ្មចារីរបស់ខ្លួនឲ្យទៅបុរស។

ពីមួយថ្ងៃទៅមួយថ្ងៃ វប្បធម៌បរទេសមួយចំនួន បានចូលមកប្តូរនូវ អាកប្បកិរិយារបស់យុវវ័យ ឲ្យភ្លើតភ្លើនភ្លេចការរៀនសូត្រ និងគិតតែពីភាពឡូយឆាយ តែងខ្លួនបែបបរទេស មិនសូវមានការគោរពចាស់ទុំ មាតាបិតា។ ទង្វើនេះបានធ្វើឲ្យវប្បធម៌សង្គម និងកិត្តិយសសង្គមចុះអន់ថយ មិនតែប៉ុណ្ណោះគឺ តំលៃរបស់យុវជនផ្ទាល់ ត្រូវចុះខ្សោយ។

ប្រទេសកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប ដែលជាស្នាដៃដ៏ផូផង់ របស់បុព្វបុរសបន្សល់ទុក សម្រាប់ខេមរជនគ្រប់ជំនាន់។ វប្បធម៌ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចរិកទន់ភ្លន់ របស់ប្រជាជនខ្មែរ និងកំណត់នូវអត្តសញ្ញាណរបស់ជាតិ។ ឆ្លងកាត់សម័យកាលនីមួយៗ វប្បធម៌នេះបានប្រែប្រួល ដោយសារការប្រព្រឹត្តរបស់ប្រជាជន និងលំហូរចូលនូវវប្បធម៌របស់បរទេស។ ក្នុងចំណោមប្រជាជនទាំងអស់ គឺមានតែស្រទាប់យុវវ័យ  នូវលក្ខណៈជាតិខ្លួន៕

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles