បាត់ដំបងៈ នៅព្រឹកថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ តំណាងមូលនិធិ សាលាអន្តរជាតិ យូ.អេស.អេ ដឹកនាំ ដោយលោក អាង រ៉េន អគ្គនាយករងតំណាង ឲ្យលោក ជា ហ៊ាង អគ្គនាយកសាលា អន្តរជាតិ យូ អេស អេ ភ្នំពេញ សៀមរាប និងបាត់ដំបង និងជាប្រធានមូលនិធិ សាលាអន្តរជាតិ យូ អេស អេ សម្រាប់ជួយ ជនក្រីក្រនិង អភិវឌ្ឍន៍សង្គម អមដំណើរដោយ លោកគ្រូ អ្នកគ្រូជាច្រើននាក់ បាននាំអំណោយ មួយ ចំនួន ទៅចែកជូនជនក្រីក្រ ចំនួន២គ្រួសារ ដែលកំពុងជួបការលំបាក នៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង លោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ.អេស.អេ បានឲ្យដឹងថា ក្រោយពីបាន ទទួល ដំណឹងតាម រយៈសារព័ត៌មាន ដោយជនក្រីក្របាន អំពាវនាវសុំរកជំនួយ ពីសប្បុរសជន រួចមក លោកជា ហ៊ាង អគ្គនាយកសាលាអន្តរជាតិ យូ អេស អេ ភ្នំពេញ សៀមរាប និងបាត់ដំបង និងជា ប្រធានមូលនិធិសាលាអន្តរជាតិ យូ អេស អេ សម្រាប់ជួយជនក្រីក្រ និងអភិវឌ្ឍន៍សង្គម បានឯកភាពគ្នា ជាមួយលោកគ្រូ អ្នកគ្រូទាំងអស់បានប្រមូល ថវិកាដែលបានមកពីការ ចូលរួមពីលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ ផងដែរ ហើយបានចាត់តាំងក្រុម ការងារឲ្យនាំអំណោយចុះយកទៅ ចែកជូន ជនក្រីក្រ ចំនួន២គ្រួសារនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ក្នុងនោះគ្រួសារទី១ មានលោក យាយ ឈ្មោះ ហាបញ៉ាន អាយុ៧៦ឆ្នាំ ចាស់ជរា មានកូនស្រីឈ្មោះ រួម ដាវី អាយុ៥២ឆ្នាំ កំពុងដេកឈឺ និង មានចៅស្រីម្នាក់ទៀតឈ្មោះ រស់ សុវ៉ឺន ភេទស្រី អាយុ២០ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី១ រៀននៅសាលា មធ្យម ភូមិភាគសុខាភិបាលខេត្តបាត់ដំបង (បឹងឈូក) បានប្រគល់ថវិកាជូនចំនួន ២០០.០០០រៀល និង គ្រួសារទី២ លោកតាឈ្មោះ ផន ភី អាយុ៨៩ឆ្នាំ លោកយាយឈ្មោះ គាត ហម អាយុ៨០ឆ្នាំ ទទួល ចិញ្ចឹម ចៅតូចៗ ចំនួន៥នាក់ ដោយបានប្រគល់ អំណោយមាន៖ ១.អង្ករ៥០គីឡូក្រាម ២.មីយើង១កេស ៣.នំធុង១ធុង ៤.ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ៥.ទឹកក្រូច១កេស ៦.ថវិកាចំនួន១០០.០០០រៀល។
លោក អាង រ៉េន បានបញ្ជាក់ថា សាលាអន្តរជាតិ យូ អេសអេ ភ្នំពេញ សៀមរាប និងបាត់ដំបង បាន បង្កើត មូលនិធិ សម្រាប់ជួយជនក្រីក្រ និងអភិវឌ្ឍន៍សង្គម ដែលមានលោកអគ្គនាយក ជាប្រធានមូល និធិ រយៈកាលកន្លងមក សាលាអន្តរជាតិ យូ អេស អេតែងតែមានការគាំទ្រពីសប្បុរសជន នានាក៏ដូច ជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបាន កសាងមូលនិធិនេះឡើង ដើម្បីចូលរួមជួយ ជនក្រីក្រជា រៀងរាល់ ឆ្នាំរហូតមក និងបានជួយចែករំលែក ការងារផ្សេងៗដែលជាប្រយោជន៍ សង្គមជាតិ យើងផង ដែរ ។
មិនតែប៉ុណ្ណោះ សាលាយើងតែងតែពង្រឹងសមត្ថភាព ខ្លួនជានិច្ចក្នុងចំណោម វិស័យអប់រំឯកជន ដោយ មានទទួលសេវា បង្រៀនសិស្សចាប់ពី ថ្នាក់មតេយ្យដល់ថ្នាក់ទី១២ ដែលមានគុណភាពខ្ពស់ ព្រមទាំង មាន ការគាំទ្រពីសំណាក់ មាតាបិតាសិស្ស រហូតមកដល់បច្ចុប្បន្ន ៕