ឧត្តរមានជ័យ៖ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយ លោក គួច ចំរើន និងអភិបាលរងខណ្ឌ ហៀក ចាន់លាង នៅរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានបន្តដំណើរ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ក្រុមយុវជន សម្តេចតេជោ និងក្រុមមន្រ្តីវាល ក្រុមទី១២៦ នៅខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញ ការងារ ចុះវាស់វែងដី ជូន ប្រជាពលរដ្ឋ នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
លោកអភិបាលខណ្ឌ គួច ចំរើន បានផ្តល់ថវិកា ចំនួន ៧០០ដុល្លារ សម្រាប់ជីក អណ្តូងទឹកមួយ នៅផ្ទះរបស់ប្រជាពលរដ្ឋ ដែលក្រុមយុវជន ស្នាក់នៅ ទុកប្រើប្រាស់ ប្រយោជន៍រួម ទាំងអស់គ្នា ផងដែរ។
ក្រោយពីចុះសួរ សុខទុក្ខ និងចែកអំណោយ ដល់ ក្រុមយុវជនស្ម័គ្រ ចិត្តទី១២៦ រួចមក លោកអភិបាលខណ្ឌ បានបន្ត ទៅសួរសុខទុក្ខ និងចែកអំណោយ ដល់ក្រុម ១០៩ ចុះវាស់វែងដីធ្លី នៅភូមិស្រឡៅស្រង់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អំណោយ ដែលត្រូវចែកនោះ រួមមាន ៖ មីយើង ១៥កេសធំ, នំ២កេស, ត្រីខ ១កេស, ភេសជ្ជ:ប៉ូវកម្លាំង ២កេស, សាច់ប៉ាត់ តេ ២០គីឡូក្រាម, សាប៊ូដុសខ្លួន ៧០ដុំ, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ថ្នាំលាបការពារ មូសខាំ ៣៥ដប, ទឹកសុទ្ឋ ១៥០យួរ, ទឹកក្រូច ៥កេស និងសំភារ: ប្រើប្រាស់ ចំនួន១១មុខ ព្រមទាំង ថវិកា ២លានរៀល ផងដែរ។
នៅចំពោះមុខ ក្រុមយុវជន ស្ម័គ្រចិត្តទាំងអស់ លោក គួច ចំរើន បានជំរុញឲ្យ ក្រុមការងារ បន្តអនុវត្តការងារ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ រហូតដល់ ចប់ចុងចប់ដើម ហើយឈានទៅ ដល់ការចេញ ប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ ។
លោក គួច ចំរើន បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ដែលលោក ទាំងពីរ តែងតែយកចិត្តទុកដាក់ ដល់ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ដែលបាន និងកំពុងបំពេញ ការងារ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើឲ្យ ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ ត្រូវចេះជួយគ្នា ទៅវិញទៅមក ស្របតាមពាក្យ មួយម៉ាត់ ដែលសម្តេចនាយករដ្ឋមន្រ្តី តែងតែមានប្រសាសន៍ថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយ តែមួយ។