Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ ៖ ខ្មែរអ្នកនិយម បរទេស សូម អានរាជសារ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ឆ្នាំ១៩៧៥

$
0
0

ភ្នំពេញ៖ អ្វីដែលខ្ញុំលើក យកមកអត្ថាធិប្បាយ នៅពេលនេះ ខ្ញុំមានបំណងចង់ចូលរួម វិភាគទានតិចតួចស្ដួចស្ដើង ជូនចំពោះប្រជា ពលរដ្ឋខ្មែរទាំងឡាយណា ដែលតែងតែយកបរទេសធ្វើជាមូលដ្ឋានបង្អែក គាំទ្រខាងនយោបាយ ក៏ដូចជាផ្នែកស្មារតីផ្សេងៗ ដើម្បីយើងរួមគិតទាំងអស់គ្នា ថាតើយើងបន្ដងប់ងល់យកបរទេសមកធ្វើជាបង្អែកទាំង ងងឹតងងល់តទៅទៀត ឬមួយរាប់អានគេ ក្នុងកម្រិតកិច្ចសហ ប្រតិបត្ដិការ ដោយស្មើភាព និងស្មើសិទ្ធិ។

ខ្ញុំពិតជាមានការ សោកស្ដាយណាស់ ដែលអ្នកនយោបាយខ្មែរ ជាទីគោរពរបស់ យើងខ្លះ ពេលដែលមានបញ្ហា កើតឡើងនៅ ក្នុងស្រុកបន្ដិច បន្ដួច រវាងខ្មែរ និងខ្មែរ ពួកគេ តែងតែហួងហែង យកបរទេសដាក់ពីមុខ។ ខ្ញុំសួរថា មានប្រទេសណាមួយនៅលើលោក នេះ ដែលស្រឡាញ់ ជនជាតិខ្លួន ប្រទេសជាតិ ខ្លួន តិចជាងសាសន៍ដទៃ ។ ជាការពិតគ្មាន នរណាម្នាក់ស្រឡាញ់ជាតិសាសន៍ដទៃជាង ស្រឡាញ់ជាតិ សាសន៍ខ្លួន និងជាតិខ្លួនឯង នោះទេ ។

ការស្រឡាញ់ និងជួយឈឺឆ្អាលជាតិ សាសន៍ដទៃ ក្នុងន័យថា ជាតិសាសន៍នោះ មានផលប្រយោជន៍សម្រាប់ជាតិ ខ្លួនឯងផងដែរ ។ ពោលប្រទេសធំមួយ ជួយប្រទេសដទៃផ្សេងទៀត ពិតណាស់ថា ប្រទេស ដែលទទួលជំនួយ នោះ ប្រាកដជាមានផលប្រយោជន៍សម្រាប់ខ្លួន ។ យ៉ាងណាមិញ ខ្ញុំសូមដកស្រង់នូវឯកសារប្រវត្ដិសាស្ដ្រស្ដីអំពី នយោបាយរបស់សាធារណរដ្ឋខ្មែរ ដឹកនាំដោយលន់ នល់ សិរិមតៈ និងបរិវ៉ា មានទំនាក់ទំនងការទូតជាមួយសហ រដ្ឋអាមេរិក ហើយទីចុងបញ្ចប់ តើរដ្ឋាភិបាលអាមេរិក នៅពេលនោះ មានជំហរយ៉ាងណា ចំពោះរបបលន់នល់  តើអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ មានបន្ទូល យ៉ាងម៉េច ឆ្លើយតបទៅនឹងរដ្ឋាភិបាលអាមេរិក ។

យោងតាមសៀវភៅ ឯកសារប្រវត្ដិសាស្ដ្រ ក្រោមចំណងជើងថា “សង្គ្រាមអាមេរិក នៅកម្ពុជា លន់នល់ និងខ្មែរ ក្រហម ១៩៧០-១៩៧៥” ដែលនិពន្ធដោយ នួន សុធិមន្ដ ដោយបានសរសេរយ៉ាងក្បោះក្បាយអំពីនយោបាយ ការបរទេស របស់លន់នល់ ជាមួយនិងសហរដ្ឋ អាមេរិក ។ ខ្ញុំសូមដកស្រង់ នូវខ្លឹមសារ ខ្លះៗចេញពីសៀវភៅនេះ ត្រង់ទំព័រ ១៦៧ និងការឆ្លើយឆ្លងលិខិតរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ ជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ នៃរដ្ឋាភិបាលលន់នល់ លោកហ្សន កាន់ធីឌីន ។ ខ្លឹមសារសង្ខេបមានដូចតទៅ “នៅថ្ងៃទី៨ ខែ មេសា ឆ្នាំ១៩៧៥ ដោយមានដំបូន្មានបន្ទាន់មួយ របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅភ្នំពេញ លោកហ្គាន់ធីឌីន លោកបានផ្ញើទូរសារ មួយទៅឱ្យ ប្រធានាធិបតី អាមេរិក លោក ហ្វដ ដោយសុំឱ្យគាត់ឈប់ផ្ដល់ជំនួយដល់កម្ពុជា ចំពេលដែលសភា អាមេរិក កំពុងពិនិត្យ លទ្ធភាព ផ្ដល់ជំនួយបន្ថែមដល់កម្ពុជា ចំនួន២២២លានដុល្លារ ដែលកម្ពុជា ស្នើសុំនៅនាទីចុងក្រោយ ដើម្បីទ្រទ្រង់ជីវិតរបបសាធារណរដ្ឋខ្មែរ ឱ្យឆ្លងផុតរហូតដល់រដូវវស្សា ព្រោះពេលនោះ ទាហាន ទាំងសង ខាង ច្រើន តែផ្អាកការប្រយុទ្ធគ្នា ដើម្បីឆ្លៀតឱកាសពង្រឹងកម្លាំង និងយុទ្ធសាស្ដ្ររៀងៗខ្លួន សម្រាប់ ប្រតិបត្ដិ ការ នារដូវប្រាំងបន្ដទៀត ។ តែទោះបីជាសភាអាមេរិក អនុម័តយល់ព្រមផ្ដល់ថវិកា នេះឱ្យកម្ពុជា ក៏ ដោយ ក៏ជំនួយទាំងនេះ មិនដឹងជាបញ្ជូនមកកម្ពុជាតាម មធ្យោបាយណាដែរ ហើយបើជំនួយនេះ បានមកដល់ កម្ពុជា តាមវិធីណា ផ្សេងនោះ ក៏ជំនួយនេះ មិនអាចជួយរដ្ឋាភិបាលលន់នល់ ឱ្យរស់រានបន្ដ ទៀត បានដែរ ព្រោះ មកដល់ពេលនេះ ពួកខ្មែរក្រហម បានឡោមព័ទ្ធជុំវិញ ទីក្រុងភ្នំពេញ ហើយ ហើយទី បំផុត ទឹកលុយទាំងនេះ នឹង ត្រូវបាត់បង់តែម្ដង ដោយសារតែគ្មានអ្នកទទួលខុសត្រូវ ។ មុនពេលចេញដំណើរពីកម្ពុជា របស់ឯកអគ្គរដ្ឋទូតអាមេ រិក ប្រចាំកម្ពុជា លោកហ្សន ហ្គាន់ធីឌីន គាត់បាន ផ្ញើលិខិតជា អាយុជីវិតមួយជូនព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដើម្បីអញ្ជើញព្រះអង្គ និងឥស្សរជន នយោ បាយ សាធារណរដ្ឋខ្មែរផ្សេងទៀត ដែលប្រឈម មុខនឹងគ្រោះថ្នាក់ ដល់អាយុជីវិតឱ្យចាកចេញពីកម្ពុជា ជាបន្ទាន់ជាមួយពួកគេ តាមជើងយន្ដហោះ ពិសេសចុងក្រោយរបស់អាមេរិក ដែលខ្លឹមសារសំបុត្រ មានអត្ថន័យ ដូចតទៅ ៖

ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥

ជូនចំពោះ ឯកឧត្ដមជាទីស្នេហា ខ្ញុំ បាន ទទួលការណែនាំពីរដ្ឋមន្ដ្រីការបរទេស ទីក្រុង វ៉ាស៊ីនតោន ដែលស្នើឱ្យ ខ្ញុំជួយសម្រួលការ ចាកចេញជាបន្ទាន់នូវពលរដ្ឋអាមេរិកទាំងអស់ ដែលរស់នៅទីក្រុង ព្រមទាំងបុគ្គលិកខ្មែររបស់ យើងផងដែរ ដែលចង់ចាក ចេញជាមួយពួកយើង ពីព្រោះជីវិតពួកគេអាចមានគ្រោះថ្នាក់ បើគេបន្ដរស់នៅកម្ពុជា ទៀត  ដូចដែលខ្ញុំបានជម្រាបជូនឯកឧត្ដម នាពេលថ្មីៗនេះហើយថា យើងមាន កៅអី យន្ដហោះមួយចំនួន សម្រាប់សមាជិកសំខាន់ៗក្នុងរដ្ឋាភិបាល របស់ឯកឧត្ដម ដែល ចង់ចាកចេញពី កម្ពុជា នៅពេលនេះ ហើយជាអ្នក ដែលគ្រោះថ្នាក់ បំផុត ។ ដូចដែលខ្ញុំ ជម្រាបឯកឧត្ដមហើយ ការសម្រេច ចិត្ដនេះ អាស្រ័យលើឯកឧត្ដម ហើយខ្ញុំ ជឿលើឯកឧត្ដម ក្នុងការជូនព័ត៌មាន ដល់អ្នកដែលមាន បញ្ហាទាំង នេះ ។ អ្នកដែលសម្រេច ចិត្ដចាកចេញត្រូវនាំ មកជាមួយគ្រួសារ ដែលជិតបំផុត“សហព័ទ្ធនិងកូន” ដោយសារកន្លែងជិះមានកំណត់ ។ ជាមួយគ្នានេះ ដែរសូម ឯកឧត្ដមជូនព័ត៌មានឱ្យបានឆាប់ តាមតែអាចធ្វើបាន ចំពោះអ្នកទាំងឡាយ ដែលឯកឧត្ដមយល់ថា ត្រូវចាកចេញ ហើយចង់ ចាកចេញជាមួយពួកគេ ដោយ ហេតុថា ពួកគេមានពេលតែពីរម៉ោងប៉ុណ្ណោះ  សម្រាប់រៀបចំ ខ្លួនចាក ចេញ និងធ្វើដំណើរមកកាន់ស្ថានទូតអាមេរិក ។  អ្នកដែលចង់ចាក ចេញត្រូវធ្វើដំណើរមកកាន់ស្ថានទូតអាមេរិក ជាបន្ទាន់ (នៅមហាវិថី ៩តុលា)។ មនុស្ស ម្នាក់អាចយកតែកាបូប និងវ៉ាលីសមួយ ដែលអាចដាក់ពីភ្លៅអង្គុយតែ ប៉ុណ្ណោះ។ នៅ ម៉ោង ៩និង៣០នាទីព្រឹក(ថ្ងៃទី១២ ខែមេសា ) យន្ដហោះនឹងចាកចេញពីស្ថានទូតរបស់យើង ។ អ្នកដែលមក ដល់ ក្រោយម៉ោង៩និង៣០នាទី នឹងមិនមានឱកាសចាកចេញ ជាមួយពួកយើងទេ ខ្ញុំសូមបញ្ជាក់ ថា ពេលវេលាដែលត្រូវមកដល់ស្ថានទូត អាមេរិក គឺមុនម៉ោង៩និង៣០នាទី ។ អ្នកដែលមកដល់ មុននឹងមាន កន្លែងជិះ នៅលើ យន្ដហោះរបស់យើង គឺមានន័យថា អ្នកដែលមកកាន់ស្ថានទូតនៅម៉ោង៨ មានឱកាស បាន ជិះ ជាងអ្នកមកដល់ស្ថានទូតនៅ ម៉ោង៩និង២០នាទី ។

 

ហ្សន ហ្គាន់ធីឌីន

 

ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក

ក្នុងពេលជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ក៏បានសរសេរលិខិតមួយ ឆ្លើយតបទៅនឹងការ អញ្ជើញរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដោយធ្វើការ បដិសេធនូវបំណងល្អរបស់អាមេរិក ក្នុងការ ជួយ សង្គ្រោះជីវិតមេដឹកនាំសាធារណរដ្ឋ ខ្មែរ ដែលធ្លាប់ជាមិត្ដរួមការងារ ជាមួយគ្នាដ៏ស្អិតរល្មួត ដែលមានខ្លឹមសារ ទាំងស្រុង ដូចតទៅ ៖

ជូនចំពោះឯកឧត្ដម និងមិត្ដភក្ដិជាទីស្រឡាញ់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារលិខិត ក្នុងការ ស្នើអញ្ជើញ នាំខ្ញុំ ទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញ ដោយសេរីភាព ។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាច ចាកចេញ ពីប្រទេសនេះ ក្នុង ស្ថានភាព កំសាកបែបនេះទេ ។ សម្រាប់រូបឯកឧត្ដម និងជាពិសេស ប្រទេសមហា អំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿ ក្នុងមួយនាទីណា ដែល ឯកឧត្ដមមានគំនិត បោះបង់ប្រជាជនមួយដែល ជ្រើសរើសយកសេរីភាពឡើយ ។ ឯកឧត្ដម បានបដិសេធ មិនផ្ដល់ការ គាំពារដល់ពួកគេ ហើយយើង ក៏មិនអាច ធ្វើអ្វីបាន ដែរចំពោះរឿងនេះ ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯក ឧត្ដម រស់នៅដោយសេចក្ដីសុខ ។

ប៉ុន្ដែឯក ឧត្ដម ត្រូវ ចងចាំថា ខ្ញុំសុខចិត្ដ ស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំ ស្រឡាញ់ វាជារឿងអាក្រក់ ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀស មិនរួច ។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិ អាមេរិក ។

សូមឯកឧត្ដមជាទីស្រឡាញ់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រនិងជាមិត្ដភាព អំពីខ្ញុំ ។

ស៊ីសុវត្ថិសិរិមតៈ

ចំណែកឯស្ថានទូត សហរដ្ឋអាមេរិកវិញ គេមិនអាចបន្ដនៅផ្សងព្រេងជាមួយជនជាតិ ខ្មែរតទៅទៀតបាន ឡើយ ពួកគេចាប់ផ្ដើម ដឹកជញ្ជូនមន្ដ្រី បុគ្គលិក និងជនជាតិគេទាំង អស់ចេញពីកម្ពុជា លើកលែងតែ អ្នកកាសែត ដែល ត្រូវការប្រមូលព័ត៌មានប៉ុណ្ណោះ ដែល បន្ដនៅជាមួយរដ្ឋាភិបាល ក្រុងភ្នំពេញ ជាមួយគ្នានោះ ។ ព្រលឹមស្រាង ឡើងមុន ថ្ងៃរះ ទៅទៀត ក្រុងប៉េកាំងបានឱ្យដំណឹងដល់ លោករីឆាដ ហូលប្រូក តំណាង អាមេរិកនៅ ប៉េកាំង ឱ្យដឹងថា មិនអាចទទួលស្គាល់ ការផ្ទេរអំណាចថ្វាយសម្ដេច សីហនុ ដូច បានព្រមព្រៀងគ្នានៅពេលមុនទេ ។  ប្រហែលជាការផ្លាស់ប្ដូរ អាកប្ប-កិរិយាចិនប៉េកាំង នេះហើយ ដែលជា ដើមហេតុ បណ្ដាលឱ្យសហរដ្ឋអាមេរិក ដាច់ចិត្ដ ដកទូត បុគ្គលិកនិងគ្រួសារអាមេ រិកទាំងអស់ ចេញ ពីភ្នំពេញ ស្អែកឡើងនាថ្ងៃទី១២ ខែមេសា ឆ្នាំ១៩ ៧៥ ។ ប្រធានាធិបតីអាមេរិក លោកហ្វ័ដ បានប្រកាស ថា “នេះជាការ ខ្លោចផ្សាមួយនៅកម្ពុជា ដែលយើងហួស ពេលស្រង់ទៅហើយ” ។

តាមពិតការផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សនេះ ចាប់កើតឡើងក្រោយពេលភារៈធារី ឡយដ៏ រីវស័ បានមកជួបជាមួយ លោក សេនាប្រមុខ នៅ ក្រុងហូណូលូ (សហរដ្ឋអាមេរិក) ហើយបានជម្រាបប្រធានាធិបតីខ្មែរថា សហរដ្ឋអាមេរិក មិនអាចគាំទ្រ នៅក្នុងកម្ពុជា តទៅទៀតបានឡើយ ។ បុគ្គលិកស្ថានទូតអាមេរិកនឹងត្រូវដកចេញ ឱ្យអស់ មុន ម៉ោង ៤រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។

ខាងលើនេះ គឺជាខ្លឹមសារដើម នៃការ ឆ្លើយឆ្លងសំបុត្រ ហើយវាពិតជាបានបង្ហាញ ឱ្យយើងទាំងអស់គ្នាឃើញថា តើបរទេស ស្រឡាញ់ខ្មែរ ដូចដែលយើងស្រឡាញ់ជាតិ យើងដែរឬទេ ។ ដូច្នេះសូមឱ្យខ្មែរនិយមងប់ងល់ បរទេស ទាំងឡាយ ស្វែងយល់ពី ប្រវត្ដិសាស្ដ្រនា អតីតកាលរបស់យើងឡើងវិញ នោះទើបយើងអាចរកឃើញផ្លូវ ដែល ត្រូវ សម្រាប់ជាតិយើងនាពេលបច្ចុប្បន្ននិងទៅអនាគត ។ ដូច្នេះ សូមឱ្យអ្នក នយោបាយខ្មែរ និយមបរទេស សញ្ជឹងគិតឡើងវិញថា តើខ្លួនសុខចិត្ដងប់ងល់ជាមួយ នឹងបរទេស ឬមួយក៏យើងងាកមករក ការប្រាស្រ័យ ទាក់ទងគ្នារវាងខ្មែរនិងខ្មែរ ដែល មិនចាំបាច់ ត្រូវការអ្នកបកប្រែភាសាវិញឬយ៉ាងណា?


Viewing all articles
Browse latest Browse all 8042

Trending Articles